សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្ដែងការរព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ការបង្ហាញក្តីបារម្ភរួមគ្នានេះ បានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។
នៅក្នុងបញ្ហាមីយ៉ាន់ម៉ានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាចិត្តមិនបោះបង់ក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ។
ទន្ទឹមគ្នានេះ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានកោតសរសើរសម្ដេចតេជោក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ា។ ក្នុងនាមឯកឧត្តម ជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាដែរនោះ ឯកឧត្តមបានបញ្ជាក់ពីការសារៈសំខាន់នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពបញ្ជ្ចញមតិ សម្រាប់សហភាពអឺរ៉ុប និង ពីការស្វែងរកដំណោះស្រាយដើម្បីនាំមីយ៉ាន់ម៉ាទៅរកប្រក្រតីភាពឡើងវិញ៕ អត្ថបទ៖ ពុទ្ធិកា