កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ នៅឆ្នាំ២០២៥

រដ្ឋសភាកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២៤នេះថា កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយ​អាយ​ប៉ាលើកទី១៥ (The 15th AIPA Caucus Meeting) ក្រោមប្រធានបទ “ការពង្រឹងភាពធនអុីនធឺណែតរបស់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ដំណើរឆ្ពោះទៅអនាគតសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងរស់រវើក” ដែលក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃប្រទេសប្រ៊ុយណេដារ៉ូហ្សាឡាម ទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយស្មារតីសាមគ្គី និងកិច្ចសហប្រតិបត្តិការណ៍។

ឯកឧត្តម នឹម ច័ន្ទតារា ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា តំណាងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានថ្លែងសុន្ទរកថាទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយ​អាយប៉ា លើកទី១៦ នៅក្នុងឆ្នាំ ២០២៥ ខាងមុខ។

ឯកឧត្តម បានថ្លែងអំណរគុណ និងអបអរសាទរចំពោះ ក្រុមប្រឹក្សានីតិប្បញ្ញតិ្តប្រ៊ុយណេដារ៉ូហ្សាឡាម ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះ​គណៈប្រតិភូទាំងអស់ ព្រមទាំងបាន​រៀបចំកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់នេះ ប្រកបដោយជោគជ័យត្រចះត្រង់។ ឯកឧត្តម មានក្តីសង្ឃឹមថាគណៈប្រតិភូទាំងអស់ នឹងអញ្ជើញទៅកាន់ប្រទេស​កម្ពុជានៅឆ្នាំក្រោយ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ។

ក្រោយពីបានបំពេញបេសកកម្មដោយជោគជ័យ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ​ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​ ៕