គណបក្សនយោបាយថ្មីចំនួនពីរ បានលេចវត្តមានឡើងក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គណបក្សដែលទើបចាប់កំណើតទាំងពីរត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ រួមមាន គណបក្សជំនាន់ថ្មី និងគណបក្សដើម្បីកម្ពុជា។
គណបក្សជំនាន់ថ្មី ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង និងជាមនុស្សជំនិតរបស់លោក កឹម សុខា ដែលត្រូវបានសមាជលើកដំបូងគណបក្សកាលពីពេលថ្មីៗនេះ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាបេក្ខភាពប្រធានគណបក្ស។
គណបក្សថ្មីថ្មោងនេះ មានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិច្រស់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាផ្លូវការ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
មុនមកដឹកនាំគណបក្សជំនាន់ថ្មីនេះ លោក មាជ សុវណ្ណារ៉ា បានប្រឡូកក្នុងឆាកនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ ហើយលោកធ្លាប់មានក្តីក្តាំងព័ទ្ធខ្លួន និងជាប់ពន្ធនាគារជាច្រើនដងផងដែរ។
ចំណែកគណបក្សដើម្បីកម្ពុជា ត្រូវក្រសួងមហាផ្ទៃ ចុះឈ្មោះទៅក្នុងបញ្ជីរគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ អង្គសមាជ លើកដំបូងរបស់គណបក្សនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ហើយបានសម្រេចផ្ដល់សេចក្ដីទុកចិត្តឱ្យលោក ឯម សុខសុវណ្ណ ធ្វើជាប្រធានបក្ស។
លោក ឯម សុខសុវណ្ណ ជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ក្នុងក្រុងបាវិតខេត្តស្វាយរៀង ផ្នែកគណិតវិទ្យា។ លោកបានលាឈប់ពីតួនាទីជាគ្រូបង្រៀន កាលពីឆ្នាំ២០១៩ ក្រោយបម្រើការងារអស់រយៈពេល ៨ឆ្នាំ។ លោកត្រូវបានគេដឹថា ជាអ្នកសកម្មក្នុងឆាកនយោបាយអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ក្នុងតួនាទីជាអនុប្រធានចលនាយុវជន។ ក្រោយមកលោកបានប្រកាសចូលរួមជាមួយបក្សយុវជនកម្ពុជា កាលពីកុម្ភៈ ឆ្នាំ២០២១ ដោយទទួលបានមុខងារជាប្រធាននាយកដ្ឋានកិច្ចការនយោបាយនៅក្នុងគណបក្សយុវជន។
២ឆ្នាំក្រោយ ពោលគឺនៅខែកម្ភៈ ឆ្នាំ២០២៣ ក្នុងជីវភាពនយោបាយជាមួយបក្សយុវជនកម្ពុជា លោកត្រូវបានតែងតាំងជាអគ្គលេខាធិការថ្មីរបស់គណបក្ស និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលស្វាយរៀង។ មិនយូរប៉ុន្មាន គឺនៅខែសីហាកន្លងទៅនេះ លោក ឯម សុខសុវណ្ណ បានលាឈប់ពីបក្សយុវជនដោយគ្មានមូលហេតុ ហើយបានបង្កើតគណបក្សអាយ៉ងខ្មែរ តែកាលនោះត្រូវបានក្រសួងមហាផ្ទៃបដិសេដ៕
អត្ថបទ៖ អក្ខរា