មន្ត្រីបក្សភ្លើងទៀនគិតពីប្រយោជន៍ជាតិ ប្រកាសផ្ដាច់ខ្លួន

សមាជិកសកម្មនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមមាន៖ ១.លោក មុត សាវឿន ២.លោក វង់ វ៉ាន់ ៣.លោក សួស រី នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចចិត្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង។ នេះបើតាមឃ្លីបវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្រោយប្រកាសផ្ដាច់ខ្លួនភ្លាម មន្ត្រីបក្សប្រឆាំងទាំងនេះ បានគោរពស្នើសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រឆាំងនឹងគម្រោងព្រែកជីក​ហ្វូណន​តេជោ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយក្រុមសមាជិកបក្សភ្លើងទៀនជាបន្តបន្ទាប់បានប្រកាសផ្ដាច់ខ្លួន ក្រោមហេតុផលក្នុងជួរគណបក្សមានបញ្ហាពុករលួយ បែកបាក់សាមគ្គី និងប្រឆាំងប្រយោជន៍ជាតិជាដើម។

ការធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍របស់ជាតិ បានធ្វើឱ្យសកម្មជនដែលធ្លាប់បម្រើបំរើនយោបាយ តាមការរៀបចំរបស់មេខ្លោងទណ្ឌិត សម រង្ស៊ី បានភ្ញាក់រលឹក និងពួកគេបានប្រកាសចាកចេញពីគណបក្សប្រឆាំង មកចូលរួមធ្វើនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ៕

អត្ថបទ៖ អក្ខរា