តាមរយៈបណ្តាញទំនាកទំនងសង្គម នារាត្រីថ្ងៃទី០៧ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំកុំឲ្យមានការព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមឲ្យបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៀតទៅ
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងបន្ទាប់ពីមានកាសែតបរទេសមួយ នៅថ្ងៃនេះ បានចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ ហើយគេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ “កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ីនឹងវាយខ្លាំងលើសមរភូមិយោធា។”
ការនិយាយបែបនេះ សម្តេចក៏ធ្លាប់និយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីថ្ងៃទី៤ មិថុនា ពេលមកជួបជាមួយសម្តេច ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យសម្តេចនិយាយឬកម្ពុជាមានសិទ្ធិនិយាយ?
ទន្ទឹមគ្នានេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាជារដ្ឋឯករាជ្យ ហើសម្តេចបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ សម្តេចមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់សម្តេចឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយសម្តេចជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ៕ អត្ថបទ៖ ពុទ្ធិកា