កម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ព្រោះភាគីសំខាន់គឺរុស្ស៉ី មិនត្រូវបានអញ្ជើញ ដោយម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ថា ការមិនទៅចូលរួមគឺជាសិទ្ធិពេញលេញរបស់កម្ពុជា មិនធ្វើតាមការបង្គាប់របស់ចិនឡើយ។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News រសៀលថ្ងៃទី០៧ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដែលធ្វើឡើងនៅប្រទេសស្វីស ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្មានវត្តមានភាគីសំខាន់គឺរុស្ស៉ី។
សម្តេចតេជោប្រធានព្រឹទ្ធសភាថ្លែងគូសបញ្ជាក់ថា «ការមិនទៅចូលរួមរបស់កម្ពុជា វាក៏នឹងក្លាយទៅជាកំហុសដ៏ធំមួយរបស់អ្នកវិភាគនយោបាយមួយចំនួន ឬមេដឹកនាំណាមួយដែលតែងតែចាត់ទុកថា ចិន មកធ្វើចលនារារាំងកម្ពុជា មិនឲ្យទៅចូលរួម។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើចិនចង់ធ្វើរឿងបែបនេះដាក់កម្ពុជា ចិនក៏គ្មានលទ្ធភាពដើម្បីរារាំងកម្ពុជា មិនឲ្យចូលរួមដែរ» ។
សូមជម្រាបថា ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែឧសភាកន្លងទៅ ប្រធានព្រឹទ្ធសភាអ៊ុយក្រែន លោក Ruslan Stefanchuk បានជម្រាបជូនសម្តេចតេជោថា នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីអាចចូលក្នុងកិច្ចប្រជុំកំពូលនេះ ដែលមានសារៈសំខាន់ណាស់សម្រាប់ អ៊ុយក្រែន និងពិភពលោក។
បន្ថែមទៀតនោះ នៅក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន ប្រធានសភាអ៊ុយក្រែន សុំអញ្ជើញសម្តេចធិបតីនាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិងសូមអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជានិងសភាអ៊ុយក្រែន៕