លោក សម រង្ស៊ី បានប្រឹងបំពងសំឡេងឲ្យសហគមន៍អន្តរជាតិ មើកមកកម្ពុជាអាក្រក់ និងដាក់ទណ្ឌកម្មមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច និងអ្នកតាមដាននយោបាយយល់ថា ឧបាយកលដដែលៗ បង្អាប់ខ្មែរមុខអន្តរជាតិរបស់លោក សម រង្ស៊ី នេះ គ្មានមានតម្លៃឡើយ។
ម្តងជាពីរដង លោក សម រង្ស៊ី ដែលបានកាន់ក្បាលមេក្រូលើវេទិកាអន្តរជាតិ តែងតែលើកឡើងថា លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានធ្លាក់ចុះធ្ងន់ធ្ងរ ហើយលោកថា កម្ពុជាត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ។ សម្តីរបស់លោក សម រង្ស៊ី នេះ ក្នុងវេទិកាអន្តរជាតិមួយ នៅទីក្រុងអូស្លូ ប្រទេសន័រវែស កាលពីថ្ងៃទី៣ ខែមិថុនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ជារឿងដដែលៗ អត់ប្រយោជន៍អ្វីឡើយ។ ឯកឧត្តមបានលើកឡើងថា តាំងពីនៅអាមេរិក អឺរ៉ុបរហូតដល់អូស្ត្រាលី សួរថា តើប្រទេសមហាអំណាចណាដែលយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់ជនទុច្ចរិតនេះទេ? ដូច្នេះ រាល់ការអំពាវនាវរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់តម្លៃនោះទេ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានលើកឡើងថា លោក សម រង្ស៊ី ព្យាយាមធ្វើឱ្យរូបគាត់ ឈ្មោះគាត់ សំឡេងគាត់ បានអណ្តែតខ្លះលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ដ្បិតរូប ឈ្មោះ និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែលេចត្រដែតឡើងយ៉ាងខ្លាំង និងរស់រវើកលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទូទាំងពិភពលោក និងក្នុងប្រព័ន្ធព័ត៌មានសង្គម។
អ្នកតាមដាននយោបាយជាតិ និងអន្តរជាតិរូបនេះ បានកត់សម្គាល់ថា ជាយូរមកហើយ លោក សម រង្ស៊ី តែងតែយកបរទេសជាខ្នងបង្អែកនយោបាយប្រឆាំងរបស់ខ្លួន យកអាយុជីវិតប្រជាជន និងអ្នកគាំទ្រជាខែលការពារសុវត្ថិភាពផ្ទាល់ខ្លួន។ នយោបាយប្រឆាំងរបស់គាត់តែងបន្សល់ទុកនូវហានិភ័យជាច្រើនរាប់មិនអស់ដល់អ្នកគាំទ្រ និងអ្នកហែហមគាត់ តែគាត់ខ្លួនឯងរស់នៅសោយសុខស្រណុកស្រួលនៅគេហដ្ឋានផ្ទាល់ខ្លួននៅបរទេសយ៉ាងរំភើយ។ លោកបណ្ឌិត ក៏បានប្រាប់ទៅលោក សម រង្ស៊ីថា បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស៕
អត្ថបទ៖ អក្ខរា