គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសប្តេជ្ញាជាឱឡារិកថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបម្រើយ៉ាងខ្ជាប់ខ្ជួននូវឆន្ទៈ និងផលប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រជាជន នៅគ្រប់មូលដ្ឋាន ដោយខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួម សកម្មក្នុងការសម្រេចគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ។
គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីជូនជនរួមជាតិថា គណបក្សនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ, ថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ, ការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ, លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និង បន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៤ ខែមិថុនា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់លើគណបក្សនយោបាយចំនួន ៤ផ្សេងទៀត។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ៕
អត្ថបទ៖ អក្ខរា