កម្ពុជា និងអាមេរិក ពិនិត្យយន្តការរៀបចំកិច្ចសហប្រតិបត្តិការយោធាជាមួយ​គ្នា​​ឡើងវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក​​ បានពិភាក្សាគ្នាអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហ​រដ្ឋអាមេរិក ។

ក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវអត្ថ​ប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តម ឡយ ជេម អូស្ទីន បានបង្ហាញគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ​​ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ក៏បានបង្ហាញក្តីសោមនស្សរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ក៏បានសម្តែងនូវការកោតសរសើរអំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា ហើយឯកឧត្តមមានជំនឿជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននេះបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន​ ការប្រយុទ្ធប្រឆាំងនឹងភេរ​វកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម៕ អត្ថបទ៖ ពុទ្ធិកា