សម្ដេចតេជោ ហ៊ុន សែន ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធ​សាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។ ការសំណូមពរនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង សម្តេច និងឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះគោលបំណងរបស់ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឱ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនអាក្រក់ពេកនោះទេ។ កន្លងមកកម្ពុជា និងអាមេរិកខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន។ ការខ្វះខាតមួយទៀតគឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្ដេចតេជោ បានលើកឡើងបន្ត ថាអ្វីដែលកម្ពុជា និងអាមេរិក មានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត។

នៅក្នុងជំនួបនេះ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អាមេរិក និងកម្ពុជា នឹងធ្វើការជាមួយគ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។

ឯកឧត្តម បានគិតថានេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនង បើទោះបីជាកម្ពុជា និងអាមេរិក មានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែ អាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិអាមេរិក បានកោតសរសើរ ចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ា​ងរឹង​មាំក្នុងវិស័យការពារជាតិ ដើម្បីរៀបចំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបើក​ឡើង​វិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ ពុទ្ធិកា