លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង និងជាមនុស្សជំនិតរបស់លោក កឹម សុខា ត្រូវបានសមាជលើកដំបូងគណបក្សជំនាន់ថ្មីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាបេក្ខភាពប្រធានគណបក្ស។ កម្មវិធីសមាជ លើកដំបូងរបស់គណបក្សជំនាន់ថ្មី បានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងបុរីអាពាហ៍ពិពាហ៍ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
របៀបវារៈកម្មវិធីសមាជ មានដូចជា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការនាយកគណបក្ស , ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស , ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពប្រធានគណបក្ស និងអនុប្រធានគណបក្ស , ការបោះឆ្នោតអនុម័តលក្ខន្តិកៈគណបក្ស និងកំណត់ទិសដៅចូលរួមការបោះឆ្នោតនាពេលខាងមុខ រួមទាំងបញ្ហាផ្សេងៗ។
ការរៀបចំសមាជលើកដំបូងរបស់គណបក្សជំនាន់ថ្មីនៅពេលនេះ បន្ទាប់ពីទទួលបានការឯកភាពចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ គណបក្សថ្មីថ្មោងនេះ មានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិច្រស់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
គួរឲ្យដឹងថា មុនមកដឹកនាំគណបក្សជំនាន់ថ្មីនេះ លោក មាជ សុវណ្ណារ៉ា បានប្រឡូកក្នុងឆាកនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ ហើយលោកធ្លាប់មានក្តីក្តាំងព័ទ្ធខ្លួន និងជាប់ពន្ធនាគារជាច្រើនដងផងដែរ។ លោកក៏ជាអតីតជាអ្នកសារព័ត៌មាន និងជាចាងហ្វាងកាសែត និងវិទ្យុខ្មែរប៉ុស្តិ៍។
លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយពីបទដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកជាប់ពន្ធនាគាររពីរលើក ហើយបន្ទាប់ពីអនុវត្តទោសបាន៤ឆ្នាំ ត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨ បន្ទាប់ពីសរសេរលិខិតស្នើសុំលើកលែងទោសទៅប្រមុខរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ អក្ខរា