សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសមិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ, ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ, ការផ្លាស់ប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ឧសភា ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។
សម្តេចធិបតីបានថ្លែងថា កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និងជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលបានណែនាំដល់មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវត ប្រកាន់ខ្ជាប់មនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាពឱ្យខាងតែបាន។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត, កម្ពុជា បន្តការពារខ្លួនប្រឆាំងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិសង្គ្រាមត្រជាក់ថ្មី៕