សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យទូតជប៉ុនចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យនឹងល្អប្រសើរ រួមទាំងកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រាប់ឲ្យលោក អឹអិណុ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំងកម្ពុជា។ តាមការព្យាករណ៍របស់សម្តេច នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងពេលចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។

សម្ដេចតេជោ បានថ្លែងថា នៅក្នុងប្រជាធិបតេយ្យ មិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេស​បារាំង ក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោក ឡឺប៉ែនផងដែរ ។ បើតាមសម្តេចតេជោ, ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជន មិនមែនដើម្បីធ្វើសង្គ្រាមនោះទេ។ សម្តេចបានគូសបញ្ជាក់ថា ចលនាជ្រុលនិយម អាចបង្កឱ្យមានសង្គ្រាម។

សម្ដេចតេជោមានប្រសាសន៍ថា ឧបករណ៍សង្គ្រាមគឺជាផ្នែកមួយនៃការរីកលូតលាស់នៃបច្ចេកវិទ្យា ដូចជាគ្រាប់កាំភ្លើង កាំភ្លើង យន្តហោះ … ។ល។ ប្រសិនបើពិភពលោកប្តូរពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើសង្គ្រាម មកប្រើប្រាស់នៅក្នុងសម្រាប់វិស័យសេដ្ឋកិច្ចវិញនោះ ការរីកចម្រើនរបស់ពិភពលោកនឹងមានកម្រិតខ្លាំងក្លា។

សម្ដេច ប្រធានព្រឹទ្ធសភា បានគូសរំលេចទៀតថា កម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតទៀងទាត់ និងមានគណបក្សនយោបាយនានា ចូលរួម ចាប់តាំងពីឆ្នាំ១៩៩៣មក។ កម្ពុជា មិនដែលពន្យារពេលនៃការបោះឆ្នោតម្ដងណាឡើយ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្តេចតេជោចាំបានថា នៅឆ្នាំ១៩៩៨ ប្រទេស​ជប៉ុន និងសហភាពអឺរ៉ុប បានគាំទ្រដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា មួយឆ្នាំក្រោយពីមានព្រឹត្តិការណ៍វាយគ្នានៅទីក្រុងភ្នំពេញ នាខែកក្កដាឆ្នាំ១៩៩៧។ ការបោះឆ្នោតឆ្នាំ ១៩៩៨ នោះត្រូវបាន ប្រសិទ្ធនាមថាជាអច្ឆរិយនៃទន្លេមេគង្គ ដោយ លោក Stephen J. Solarz ។

សម្ដេចតេជោ បានបន្តទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបានរៀបចំឡើង ចាប់តាំងពីអាណត្តិទីពីរ ដោយសារអាណត្តិទីមួយគឺជាការតែងតាំង បន្ទាប់មក គឺជាការរៀបចំបោះឆ្នោតថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ខេត្ត។ សម្ដេចតេជោមានប្រសាសន៍ថា ជាការល្អណាស់ដែលជប៉ុនជួយកម្ពុជាគ្រប់ដំណាក់កាលទាំងអស់ក្នុងដំណើរការប្រជាធិបតេយ្យ៕

អត្ថបទ៖​ អក្ខរា