អ្នកតាមដានអំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច

អ្នកតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត យង់ ពៅ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ការអំពាវនាវនេះ ខណៈដែលអ្នកនយោបាយប្រឆាំង សារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន យកគម្រោងព្រែកជីកហ្វូណន​តេជោ ភ្ជាប់នឹងបញ្ហានយោបាយ ភ្ជាប់នឹងក្របខណ្ឌភូមិសាស្ត្រ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន។

លោកបណ្ឌិត យង់ ពៅ សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងពុះពារកិច្ចការសាងសង់ព្រែកជីកហ្វូណន តេជោ ទាល់តែបាន ដើម្បីជាតិរឹងមាំ។ លោកបានគូសបញ្ជាក់ថា “ពេលដែលយើងរឹងមាំ នឹងគ្មានប្រទេសណាយកយើង (កម្ពុជា) ធ្វើជាឈ្នាន់ភូមិសាស្ត្រនយោបាយទៀតនោះទេ”។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ កាសែត The Straitstimes ដែលមានស្នាក់ការនៅប្រទេសសិង្ហបុរី បានចុះផ្សាយដោយដាក់ចំណងជើងថា៖ «វៀតណាមបារម្ភថា គម្រោងព្រែកជីកនៅកម្ពុជាអាចជាច្រកដ៏មានសក្តានុពលសម្រាប់យោធាចិន»។ អត្ថបទនោះបានដកស្រង់ការរៀបរាប់ពីអត្ថបទរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានគាំទ្រដោយរដ្ឋវៀតណាម ដែលបានព្រមានថា ព្រែកជីកគឺជាគម្រោង «មុខពីរ» ដែលទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏អាចសម្រួលដល់វត្តមានយោធារបស់ចិនយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា ក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាមផងដែរ។

ចំណែកលោក សម រង្ស៊ី និងអ្នកនយោបាយប្រឆាំងមួយចំនួន ក៏បានចោទប្រកាន់ដូចគ្នាជាមួយនឹងវៀតណាមថា ព្រែកជីកនេះ នឹងសម្រួលដល់ការដឹកសព្វាវុធចិនមកកាន់ប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងពេលថ្លែងសារពិសេសជុំវិញគម្រោងជីកព្រែកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្តួចផ្តើមគំនិតទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ សម្តេតេជោ ហ៊ុន សែន ក៏ចាត់ទុកអ្នកដែលលើកឡើងថា​ព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើដើម្បីចល័តកងទ័ពជើងទឹក គឺខ្សោយយុទ្ធសាស្ត្រ មិនសមជាបញ្ញវន្ត ឬអ្នកស្រាវជ្រាវនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឱ្យបញ្ឈប់នយោបាយប្រឆាំងចិន ដោយភ្ជាប់បញ្ហាព្រែកជីក ទៅជាមួយសន្តិសុខរបស់វៀតណាម ខណៈដែលកម្ពុជា មានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាម មានទំនាក់ទំនងល្អជាមួយចិន៕

អត្ថបទ៖ អក្ខរា