សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេសទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។ សម្ដេចតេជោបានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។
តាមរយៈសារលិខិតក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ នៅថ្ងៃទី ១៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្ដេចផ្ទាល់ នៅគ្រប់កាលៈទេសៈ តាំងពីដំណាក់កាលសង្គ្រោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ។
សម្តេចតេជោថ្លែងថា តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។ ព្រមជាមួយនេះ សម្ដេចតេជោក៏សូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកានៃ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។
តាមរយៈសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយ សម្រាប់ការបោះឆ្នោត ឲ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕