អ្នកធ្លាប់ស្គាប់បង្គាប់ថា ពេលនេះ លោក សម រង្ស៊ី មិនមានឥទ្ធិពលអ្វីទេ!

លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា អតីតមេដឹកនាំរបស់លោក គឺ លោក សម រង្ស៊ី ពេលនេះ មិនមានឥទ្ធិពលអ្វីទៀតទេ ទាំងក្នុងស្រុក និងក្រៅស្រុក។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះ លោក អ៊ូ ច័ន្ទរ័ត្ន ថា លោក សម រង្ស៊ី បានភៀសខ្លួនចេញពីស្រុកជិត ២០ឆ្នាំហើយ ដូច្នេះ លោកគ្មានឥទ្ធិភាពអ្វីមកលើសកម្មជន អ្នកនយោបាយក្នុងនិងក្រៅស្រុក រួមទាំងគ្មានឥទ្ធិពលមកលើនយោបាយប្រទេសនោះទេ។

លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានលើកឡើងថា អ្វីដែលលោកសម រង្ស៊ី លើកឡើង គឺគ្រាន់តែជាការចោទប្រកាន់ លាបពណ៌ និងកាច់បំបាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។

អ្នកវិភាគ និងអ្នកនយោបាយ ធ្លាប់បានលើកឡើងដែរថា លោក សម រង្ស៊ី ជាបុគ្គលបោកប្រាស់ និងគ្មានសីលធម៌ ដែលមិនសមជាអ្នកនយោបាយទាល់តែសោះ។ ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងរបស់ខ្លួន បានធ្វើនយោបាយដោយគ្មានគោលជំហរច្បាស់លាស់ គ្មានការទទួលខុសត្រូវហើយ តែងតែមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន៕

អត្ថបទ៖ អក្ខរា