ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា សោកស្តាយចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សារ បែរជាយករូបភាពយុវជន និងបង្វក់ឲ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់គ្រឹះឆ្កៀលដើម្បីតែកេង ចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានសម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេសស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នក្រសួងបរិស្ថាន។ ក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយ។ ចលនាមួយក្ដាប់តូចនេះ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ជាពិសេសពួកគេបានបង្កើតនូវព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន បង្កភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់។
ក្រុមយុវជនសង្គមស៊ីវិល បានរៀបរាប់ឱ្យដឹងថា ក្រុមយុវជនមួយចំនួន គឺពួកគេកំពុងតែរិះរកវិធីសាស្រ្តយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើជនបរទេសទាំងមិនដឹងខ្លួន មិនបានបើកចិត្តទូលាយមើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោសារមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយម។ ជាមួយគ្នានេះ ចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សា បែរជាយករូបភាពយុវជន និងបង្វក់ឱ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់ឆ្កឹះឆ្កៀល ហើយចាំតែកេងចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។
យុវជនសង្គមស៊ីវិល ក៏បានអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចហ៊ានហាមាត់និយាយបង្ខូចជាតិសាសន៍ខ្លួនឯង។ ផ្ទុយទៅវិញ យកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ។
ការលើកឡើងខាងលើនេះ ក្រោយពេលថ្មីៗនេះ មានក្រុមក្រៅច្បាប់មួយក្រុម បានប្រើលេសនៃសកម្មភាពការពារបរិស្ថាន បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយមជុំវិញកិច្ចការងារគ្រប់គ្រងបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថាន បានបដិសេធលើការលើកឡើង និងផ្សព្វផ្សាយរបស់ក្រុមនេះទាំងស្រុង និងបានចាត់ទុកក្រុមនោះបានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្អួចកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន៕
អត្ថបទ៖ អក្ខរា