ពីអ្នកធ្លាប់ប្រឆាំងផ្គាប់មុខ លី ច័ន្ទវត្តី ផ្តាំឲ្យពលរដ្ឋចៀសឆ្ងាយពីបុគ្គល ឬក្រុមប្រឆាំងដែលបង្កចលាចលក្នុងសង្គម

អតីតអ្នកគាំទ្របក្សប្រឆាំង កញ្ញា លី ច័ន្ទវត្តី បានបង្ហាញគាំទ្រយ៉ាងពេញទំហឹងចំពោះការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

តាមរយៈវីដេឃ្លីបលើបណ្តាញសង្គមហ្វេសប៊ុក លី ច័ន្ទវត្តី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានប្រតិកម្មទៅលិខិតថ្កោលទោសរបស់គណបក្សកម្លាំងជាតិមកលើរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការចាប់មេបក្សរបស់ខ្លួន ថាជារឿងមិនត្រឹមត្រូវទាល់តែសោះ ថែមទាំងផ្ទុយទៅនឹងច្បាប់ជាតិទៀតផល។

ក្នុងនាមជាប្រជាពលរដ្ឋមួយរូប កញ្ញាបានលើកឡើងថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ប្រសិនបើយើងធ្វើខុសត្រូវតែទទួលទោស ជាក់ស្តែងលោក ស៊ុន ចន្ធី តែងតែធ្វើការញុះញង់ បំពុល ធ្វើឲ្យចលាចលក្នុងសង្គមជាតិ ដូច្នេះបុគ្គលបែបនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ទន្ទឹមនេះ ពីអ្នកធ្លាប់ប្រឆាំងផ្គាប់មុខ កញ្ញា លី ច័ន្ទវត្តី ក៏បានផ្តាំឲ្យពលរដ្ឋចៀសឆ្ងាយពីបុគ្គល ឬគណបក្សណាដែលបង្កចលាចលក្នុងសង្គម ពីព្រោះបុគ្គលឬក្រុមនោះ គិតតែពីផលប្រយោជន៍មួយក្តាប់តូច ដោយមិនខ្វល់ពីផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិជាធំនោះទេ។

គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី អាយុ ៤៤ឆ្នាំ ជាប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការចាប់ខ្លួននេះជាការអនុវត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទ៖ អក្ខរា