ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក អេង ចំរើន បានហៅការផ្សាយរិះគន់ប្រឆាំងរបស់វិទ្យុអាស៊ីសេរី ដែលនាំសាររបស់ក្រុមអ្នកនយោបាយប្រឆាំង ជាអំពើដ៏ស្មោកគ្រោក។
លោក អេង ចំរើន ទីប្រឹក្សាសម្តេចតេជោ និងជាអ្នកជំនួញផងនោះ បានប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុអាសុីសេរី និងបានស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះថា ការផ្តល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ច្រើនស្កេកស្កះខ្ជះខ្ជាយថវិកាជាតិ។
លោកបានលើកឡើងថា ការផ្ដល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ គឺជាការប្រទានពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ សម្រាប់ផ្ដល់កិត្តិយសដល់បុគ្គលដែលមានស្នាដៃក្នុងការបម្រើជាតិ និងបុគ្គលដែលនាំផលប្រយោជន៍មកជាតិ តាមរយៈការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ ហើយបុគ្គលទាំងនោះក៏នឹងត្រូវបន្តចូលរួមជួយកិច្ចការងាររបស់ជាតិ ដើម្បីចូលរួមដឹកនាំផ្លូវដល់យុវជនជំនាន់ក្រោយផងដែរ (ចាស់ស្គាល់ផ្លូវ ក្មេងដើរលឿន) ។
មិនតែប៉ុណ្ណោះ ទីប្រឹក្សាភាគច្រើនក្រៅពីពុំទទួលយកប្រាក់បំណាច់មុខងារ ពួកគាត់ថែមទាំងបានលះបង់ពេលវេលា និងធនធានផ្ទាល់ជួយបណ្ដុះបណ្ដាលដឹកនាំយុវជនជាថ្នាក់ដឹកនាំបន្តវេន ដើម្បីជាការរួមចំណែកក្នុងការបម្រើជាតិរបស់ខ្លួន ។
ជាមួយគ្នានេះផងដែរ ការតែងតាំងវិនិយោគគិនធំៗ ជាទីប្រឹក្សាដែរនោះ គឺជាការលើកទឹកចិត្តដែលពួកគេខិតខំប្រឹងប្រែងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនសែននាក់មានការងារធ្វើ ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន របស់ពួកគាត់ ហើយថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធម៌រាប់មិនអស់។
លោកបានបន្តថា សរុបមក ការតែងតាំងនេះក្រៅពីមិនមានផលអវិជ្ជមាន គឺថែមទាំងបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងពលរដ្ឋ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ច នយោបាយ ស្របតាមភាពចាំបាច់នាពេលបច្ចុប្បន្ន និងស្របតាមទឹកព្រះទ័យមេត្តាករុណាដ៏ជ្រាលជ្រៅថ្លៃថ្លារបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផង ។
ទីប្រឹក្សាសម្តេចតេជោរូបនេះ បានចាត់ទុកការផ្សាយរិះគន់ប្រឆាំងក្នុងន័យរារាំងដំណើរអភិវឌ្ឍឆ្ពោះទៅមុខរបស់កម្ពុជាដោយចេតនាលាបពណ៌បំភ្លៃឲ្យមានការយល់ច្រឡំពីភាពស្អាតស្អំរបស់សម្តេចតេជោ និងប្រទេសកម្ពុជាលើឆាកអន្តរជាតិ គឺជាអំពើដ៏ស្មោកគ្រោករបស់ក្រុមអ្នកនយោបាយចាស់វស្សាហួសសម័យកាលតែប៉ុណ្ណោះ៕
អត្ថបទ៖ អក្ខរា