ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងផ្តាំទៅអ្នកប្រឆាំងការកសាងព្រែកជីកហ្វូណនតេជោថា អ្នកមិនជោគជ័យទេ ព្រោះអ្នកប្រឆាំងចលនាជាតិ ប្រឆាំងការគាំទ្ររបស់ពលរដ្ឋ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “យើងក្តាប់បានថា មានក្រុមមួយក្រុមនៅអាមេរិក គេរៀបចំធ្វើចលនាប្រឆាំងព្រែកជីកហ្វូណនតេជោ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា “អ្នកដែលកំពុងតែប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុសហើយ។ ប្រជាពលរដ្ឋទូទាំងប្រទេសកំពុងអបអរនឹងគម្រោងព្រែកជីកហ្វូណនតេជោ”។
ជាមួយគ្នានេះសម្ដេចធិបតីស្នើឲ្យកុំមានការបារម្ភព្រួយចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវទឹកធម្មជាតិនោះអី ព្រោះថា ទឹកទន្លេមេគង្គ និង ទឹកទន្លេសាប ដែលបានហូរទៅសមុទ្ទដោយមិនមានរបាំងទប់នោះ គឺទឹកបានហូរក្នុងមួយវិនាទី មានចំនួនប្រមាណ ១៨០០០ ម៉ែត្រគូប ចំពោះគម្រោងព្រែកជីកហ្វូណនតេជោវិញ មានរបាំងការពារ ដែលអនុញ្ញាតឱ្យទឹកហូរទៅសមុទ្រក្នុងមួយវិនាទីត្រឹម ៣.៦ ម៉ែត្រគូបប៉ុណ្ណោះ។
ទន្ទឹមនឹងនេះសម្តេចធិបតីបញ្ជាក់ដោយផ្តាំទៅថា រាជរដ្ឋាភិបាលនឹងរៀបគម្រោងកសាងនេះឲ្យចេញជារូបរាង ដើម្បីផលប្រយោជន៍ពលរដ្ឋ និងជាតិ ដោយមិនចាំបាច់ខ្ចីដង្ហើមគេដក ព្រែកជីកហ្វូណន-តេជោ គឺជាការបង្កើតការដកដង្ហើមដោយខ្លួនឯង។ សម្ដេចធិបតីបានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤ នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។
ជាថ្មីម្តងទៀតសម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមិនបង្កើតមូលនិធិដើម្បីជួយលុយជីកព្រែកហ្វូណនទេ សូមអរគុណទឹកចិត្ត និងការបញ្ចេញមតិគាំទ្រពីសំណាក់ពលរដ្ឋ៕