ឆ្លើយតបនឹងការលើកឡើងពីទណ្ឌិត សម រង្សុី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើទណ្ឌិត សម រង្សុី អ្នកនយោបាយចាស់វស្សាជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។ សម្តេចធិបតីលើកឡើងថា សម រង្សុី ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។
ថ្មីៗនេះ លោក សម រង្សុី បាននិយាយលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយប្រឆាំងនឹងការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ និងចោទថាដាក់គម្រោងព្រែកជីកនេះមិនបំរើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃសុក្រ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានចេញមកខោកក្បាលលោក សម រង្សុី ដោយចោទជាសំនួរថា តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។
សម្តេចធិបតីគូសបញ្ជាក់ថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។
សម្តេចធិបតី ចោទសួរទៅវិញថា «តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។ សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ»៕