ក្រោយពីបានចំណាយពេលនៅក្រៅប្រទេសជិត ២ខែ ដើម្បីពិនិត្យសុខភាព លោក ទាវ វណ្ណុល មេដឹកនាំគណបក្សភ្លើងទៀន ត្រៀមចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជុំវិញការនិយាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលកម្ពុជា។
ដំបូងឡើយ លោកទាវ វណ្ណុល ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី១០ ខែមេសា តែមេធាវីរបស់លោកបានសុំពន្យារចូលបំភ្លឺនៅថ្ងៃទី២៥ ខែមេសាវិញ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរូបនេះបានវិលមកពីពិនិត្យសុខភាពនៅសហរដ្ឋអាមេរិក។
ពាក្យបណ្តឹងរបស់រដ្ឋាភិបាលមកលើលោកទាវ វណ្ណុល បន្ទាប់ពីលោកបានប្រាប់លោក Akira Koike អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភាពីការដែលរដ្ឋាភិបាលកម្ពុជាបានដំឡើងកាំម៉ារ៉ាឃ្លាំមើលនៅខាងមុខផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ។
យោងលើការផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia និងវិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ ក៏បានស្រង់សម្តីលោក ទាវ វណ្ណុល ដែលបានចោទរដ្ឋាភិបាលកម្ពុជាថាបានចាប់ឃុំខ្លួនមន្ត្រីបក្សប្រឆាំង និងពលរដ្ឋដែលរិះគន់រដ្ឋាភិបាលជាបន្តបន្ទាប់។
ភ្លាមៗ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការលើកឡើងរបស់ លោក ទាវ វណ្ណុល ដែលមានចេតនាអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល និងបានចាត់ទុកការផ្តល់សម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត៕
អត្ថបទ៖ អក្ខរា