ឯកឧត្តម សុខ ឥសាន៖ ទណ្ឌិតមេឧទ្ទាមកាន់តែឯកោ សកម្មជនរត់ចោលបន្តបន្ទាប់

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើឡើងថា ក្រុមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ជាក្រុមឧទ្ទាមក្រៅច្បាប់ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ក្រុមខុសច្បាប់នេះជាដាច់ខាត។ ក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដូច្នេះជាក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងពិតប្រាកដ។

ឯកឧត្តមបានបន្តថា ករណី ជា ប៉ូច បានប្រកាសផ្តាច់ខ្លួនពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទៀតហើយ ហើយសុំចូលមករួមរស់ជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ទន្ទឹមនឹងនេះក្រុមឧទ្ទាមក្រៅច្បាប់ចង់ឲ្យមានការបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាផង។

ឯកឧត្តម សុខ ឥសាន បានចំអកទៀតថា គ្រាន់តែសមាជិកសកម្មរបស់ខ្លួនក៏មិនទទួលស្គាល់ផង មកចង់ឲ្យគណបក្សកាន់អំណាចរួបរួមជាមួយខ្លួនម៉េចបានទៅ។ នៅបរទេសលែងមានការគាំទ្រ សកម្មជនរត់ចោលបន្តបន្ទាប់ តើមានដង្ហើមអីដកទៀត? ទណ្ឌិតមេឧទ្ទាមកាន់តែឯកោ បរទេសលែងគាំទ្រសកម្មជនចេញចោល មករួមរស់ជាមួយសង្គមជាតិ?

អ្នកនាំពាក្យគណបក្សកាន់អំណាចដដែល បានបន្ថែមថា គណបក្សនយោបាយនៅកម្ពុជាជាង៤៨គណបក្ស រស់នៅនិងធ្វើសកម្មភាពក្រោមច្បាប់ និងមានសកម្មជនបក្សប្រឆាំងមករួមរស់ជាមួយសង្គមជាតិ បញ្ជាក់ពីលំហរនយោបាយនៅកម្ពុជាទូលំទូលាយ និងមានប្រជាធិបតេយ្យ៕