សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ជានិច្ចជាមួយនឹងការភ្ញាក់រម្លឹករបស់អ្នកទាំងឡាយដែលធ្លាប់ប្រឆាំងសម្តេច ហើយបោះបង់ការប្រឆាំងនិងងាកមកដើរលើផ្លូវត្រឹមត្រូវវិញ ដើម្បីចូលរួមបម្រើការជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈសំណេរនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ បានទទួលការសុំទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនពី សម រង្ស៊ី។ សម្តេចតេជោបានលើកឡើងថា៖ «ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។
ទន្ទឹមការប្រកាសអនុគ្រោះឱ្យលោក ជា ប៉ូច, សម្តេចតេជោ ក៏បានប្រកាសនឹងទទួលយករាល់ការសុំទោសពីមនុស្សផ្សេងទៀត ដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់។ តែយ៉ាងណា សម្តេចតេជោ បន្ថែមថា នឹងមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិជាដាច់ខាត។
«យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណា ឬក្រុមណាក៏ដោយមិនថាខ្មែរ ឬបរទេសដែលចង់ដុតផ្ទះយើង ដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»។ នេះជាការប្រកាសរបស់សម្តេចតេជោ។
ជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែន លើកលែងទោសដល់អ្នកដែលធ្លាប់វាយប្រហារលើរដ្ឋាភិបាល ដែលត្រូវបានអ្នកតាមដានមើលឃើះថា គឺជានយោបាយមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើដូចទៅនឹងនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងការប្រមូលផ្ដុំអ្នកនយោបាយទាំងអស់ ដើម្បីបង្រួបបង្រួម និងអភិវឌ្ឍប្រទេសជាតិ។
ជាធម្មតាសង្គមប្រជាធិបតេយ្យ គឺតែងតែមានពហុគំនិត ទស្សនផ្ទុយ និងការរិះគន់ជាដើម តែការយល់ឃើញក្នុងគោលដៅជាមួយគ្នា សម្រាប់ដឹកនាំ និងកសាងប្រទេស គឺជារឿងត្រឹមត្រូវស្របពេលដែលសម័យកាលបច្ចុប្បន្ន សម្តេចតេជោ សែន បានប្រមូលផ្ដុំអ្នកនយោបាយគ្រប់និន្នាការដែលមានឆន្ទៈរួម ដើម្បីអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ៖ អក្ខរា