តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ UN បញ្ជាក់ថា ​ការពារ​ការ​ចាប់ខ្លួន​លោក​កើត សារ៉ាយ ​គោរព​ទៅ​តាម​ច្បាប់

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការពារ​ការ​ចាប់​ខ្លួន​លោក ​កើត សារ៉ាយ ថា​ជា​ការ​វិធានការស្រប​ទៅ​តាម​ច្បាប់ និង​បទល្មើស​ដែល​មាន ពោល​គឺ​មិន​មែន​ដោយ​សារ​សម្ពន្ធភាព​ជា​មួយ​អង្គការ​សិទ្ធិ​មនុស្ស​ណា​មួយ​ឡើយ។ 

ការ​លើក​ឡើង​នេះ​កើត​ឡើង​ក្រោយ​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី ១៩ ​ខែមេសា ឆ្នាំ​ ២០២៤ អំពាវនាវ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​យាយី និង​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

តំណាង​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​ប្រទេស​កម្ពុជា​នៅទីក្រុង​ហ្សឺណែវ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ច្រាន​ចោលចំពោះ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ។ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​​ចុះនៅថ្ងៃ​ទី​ ២០ ខែ​មេសា ឆ្នាំ ​២០២៤។ ​លោក ​កើត សារ៉ាយ

សេចក្តី​ថ្លែង​ការណ៍ដដែល​ក៏​បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ថា​ជា​ការ​អនុវត្តទៅ​តាម​ច្បាប់ ទៅ​តាម​បទ​លើ្មស​មិនមែន​ដោយ​សារ​សម្ពន្ធភាព​របស់​លោក កើត សារ៉ាយ​ ជាមួយ​អង្គ​ការ​សិទិ្ធ​មនុស្ស​នោះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា​៖​«ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បង្ក​ឱ្យ មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៨៨ មាត្រា ​៤៩៤ និង​មាត្រា​ ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ គឺ​មិនមែន​ដោយ​សម្ព័ន្ធ​របស់​គាត់​ជាមួយ​អង្គការ​ពួន​ជ្រក​ក្រោម​ ស្លាក​សិទ្ធិ​មនុស្ស​ណាមួយ​នោះ​ឡើយ​»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា ថ្លែងថា កម្ពុជា​មាន​ច្បាប់​ដែល​បាន​ចែង​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​អំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ គឺ​អនុញ្ញាត​តែ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ ហើយជន​ណា​ដែល​ប្រព្រឹត្ត​ហួស​កំណត់​ពី​ព្រំដែន​ច្បាប់​គឺ​ត្រូវ​ទទួល​រង​ការ​ចាប់​ខ្លួន​មក​ផ្តន្ទា​ទោស​នៅចំពោះ​មុខតុលាការ​។

លោក​បាន​សង្កត់​ធ្ងន់​ថា​ រដ្ឋាភិបាល​តែង​តែ​អនុវត្ត និង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ដែលមាន​ជា​ធរមាន​ ដោយមិន​បាន​ធ្វើ​ទុក្ខ​បុកម្នេញ ឬ​បំបិទ​សិទ្ធិ​សេរី​ភាព​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ​៕