គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ .ឆ្នាំ២០២៤ ដោយលទ្ធផលផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប គឺបានចំនួន ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ។
គជប បានប្រកាសថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ដោយឡែកគណបក្ស២ទៀត គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។
គណបក្សប្រជាជនកម្ពុជា ប្រកាសជាឱឡារិកដោយការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស ខណៈលទ្ធផលនេះពិតជាបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន៕
អត្ថបទ៖ អក្ខរា