នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅនៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិ។
សម្ដេចធិបតីបានលើកឡើងលើបណ្តាញសង្គមផ្លូវការថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ដោយបានបើកទូលាយឱ្យគ្រប់និន្នាការបានចូលរួមប្រកួតប្រជែងស្មើភាព ដោយឈរលើឧត្តមគតិតម្កល់ផលប្រយោជន៍រួមគឺ ជាតិនិងប្រជាជនកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានធ្វើការប្រកួតប្រជែងដោយសេរី យុត្ដិធម៌ និងតម្លាភាព ស្ថិតក្នុងបរិយាកាសសុខដុមរមនា និងគ្មានអំពើហិង្សា។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោត១ ក្នុងចំណោមការបោះឆ្នោតទាំង៤ នៅកម្ពុជា រួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត; ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ; និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិករដ្ឋសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕