ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព នីតិកាលទី៥ ឆ្នាំ២០២៤ នីតិកាលទី៥ ដោយមានការចូលរួមពីឯកឧត្តម ដួង ហេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន ប្រធានគណៈកម្មាធិការគណបក្សក្រុង ព្រមទាំងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី អ្នកតំណាងរាស្ត្រ សមាជិករដ្ឋសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការគណបក្សមូលដ្ឋានខេត្ត មន្ទីរ សាខាអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាបក្សមកពីបួនសង្កាត់ ស្មើនឹង១៤ភូមិ ក្នុងក្រុងសែនមនោរម្យសរុបប្រមាណ ១៤៧៥នាក់។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមប្រធាន បានសម្តែងការនូវការកោតសរសើរចំពោះគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ លោក លោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះឡើង ដែលជាការឆ្លុះបញ្ចាំងមិនត្រឹមតែសាមគ្គីភាព ឯកភាពផ្ទៃក្នុង ភាពស្មោះស្ម័គ្រ និងការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាជាធ្លុងមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ និងគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីនេះបានឡើយ។ ឯកឧត្តមប្រធានបានបន្ថែមថា គណបក្សប្រជាជនកម្ពុជានៅរួមសុខរួមទុក្ខគ្រប់កាលៈទេសៈជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច។
ឯកឧត្តមប្រធាន បានណែនាំផងដែរឱ្យគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងខេត្ត គោរពឱ្យបានខ្ជាប់ខ្ជួនតាម បទបញ្ញត្តិច្បាប់ និងនីតិវិធី ដែលមានចែង ដើម្បីឱ្យដំណើរការហែរក្បួនឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមការរំពឹងទុក និងបានអំពាវនាវឱ្យឯកឧត្តម អ្នកតំណាងរាស្ត្រ អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ កុំបីអាក់ខាន ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បានបន្តបំពេញបេសសកម្មបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ធានាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ ពិសេសដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើជាប្រធានព្រឹទ្ធសភា។
គួរកត់សម្គាល់ផងដែរថា ខេត្តមណ្ឌលគិរី ស្ថិតនៅមណ្ឌលភូមិភាគទី៨ដែលមាន៦ខេត្ត និងមានបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១២រូប (ស្ត្រី២រូប) ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ដែលមានឯកឧត្តម នាង ផាត ជាប្រធានភូមិភាគ។ ការបោះឆ្នោតព្រឹទ្ធសភានេះ ជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា៕