លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ផ្ដាំទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី មិនគួរបង្រៀនលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងការធ្វើនយោបាយនោះទេ ពោលគួរតែយកពេលសម្រាកខ្លួនឯងវិញ ប្រសើរជាងនិយាយសម្ដីដែលមិនបានប្រយោជន៍ដល់ជាតិនោះ។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លើកឡើងយ៉ាងដូច្នេះក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៅប្រទេសបារាំង និងស្វីស រយៈពេល១សប្ដាហ៍ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
សារក្រើនរំលឹករបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ទៅកាន់ទណ្ឌិត សម រង្សុី ធ្វើឡើងបន្ទាប់ពីមុនដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺទណ្ឌិតរូបនេះបានអំពាវនាវដល់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង កុំឲ្យមានជំនួបជាមួយសម្ដេចធិបតី ប៉ុន្ដែផ្ទុយទៅវិញ សម្ដេចធិបតី និងលោក ម៉ាក្រុង បានជួបពិភាក្សាការងារជាមួយគ្នា ប្រកបដោយភាពស្មើមុខស្មើមាត់ នៅវិមានអេលីហ្សេ។ ក្នុងជំនួបនោះ លោកប្រធានាធិបតីបារាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី។ លោក ម៉ាក្រុង បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងថា «រូបតែមួយសន្លឹក មានន័យ១០០០ដងលើសពាក្យសម្ដីមិនពិត ហើយដែលមិនបានការ ដែលសុទ្ធសឹងជាខ្យល់សុទ្ធ […] ខ្ញុំចង់ពន្យល់ថា មិនគួរបង្រៀន លោក ម៉ាក្រុង ធ្វើនយោបាយទេ សូមយកពេលសម្រាកល្អជាង ជាជាងនិយាយប៉ាត់ណាប៉ាត់ណី»។
មូលហេតុដែលលោកហ៊ានអះអាងថា ទណ្ឌិត សម រង្ស៉ី មិនគួរបង្រៀនលោកប្រធានាធិបតីបារាំង ក្នុងការធ្វើនយោបាយនោះ ក៏ដោយសារលោកម៉ាក្រុង ជាប្រធានាធិបតីប្រទេសមួយ ដែលជាមហាអំណាចនុយក្លែរអ៊ែរ, ជាសមាជិកអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ, ជាសមាជិកមួយដ៏មានទម្ងន់នៅក្នុងអង្គការណាតូ, សមាជិកនៃ G7 ជាសមាជិកនៃក្រុម G20 ហើយបារាំងជាមួយអាល្លឺម៉ង់ ជាប្រទេសក្បាលម៉ាស៉ីននៃសហភាពអឺរ៉ុបថែមទៀត ដូច្នេះហើយលោកគិតថា នេះជាហេតុផលដ៏សមស្រប៕