សម្ដេចតេជោ ហ៊ុន សែន ណែនាំសមាជិកបក្សនៅតាមស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវខិតខំរក្សាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសាកសួរអំពីសុខទុក្ខ និងថ្លែងនូវការនឹករលឹកចំពោះ សមាជិក សមាជិក ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលជាច្រើន ដែលបានកើតឡើង ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់អណត្តិ ជាពិសេក្នុងអណត្តិទី៦ និង បន្តក្នុងអណត្តិទី៧នេះ គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រក្សាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសង្គម ការគ្រប់គ្រងនូវជម្ងឺកូវីដ-១៩ បានយ៉ាងល្អតាមរយៈការបន្សាំសហគមន៍ដោយប្រើអភិក្រមផ្ការីកនៃការផ្ដល់វ៉ាក់សាំងចូលទៅសហគមន៍គ្រប់ទីកន្លែងក្នុងប្រទេស និងការធានាបាននូវកំណើនសេដ្ឋកិច្ចជាលំដាប់ លើសពីនេះ ក្នុងកាលៈទេសៈដ៏លំបាកនៃការរាលដាលជម្ងឺកូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់សាច់ប្រាក់ ក៏ដូចជាជំនួយផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោ ប្រធានគណបក្ស បានផ្ដល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ សម្ដេចតេជោ ប្រធានគណបក្ស ក៏បានណែនាំអោយសមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្តអោយបានល្អនូវយុទ្ធសាស្ត្របញ្ចកោណក្នុងអណត្តិទី៧នេះផងដែរ ។

សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែលកំពុងមានតួនាទីបំពេញភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ត្រូវ យកចិត្តទុកដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ហើយកន្លងទៅនេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់គោលនយោបាយ “រោងចក្រ១ សហគមន៍សុខសាន១” ដែលជាកិច្ចការល្អមួយ លើសពីនេះក៏ត្រូវព្យាយាមដោះស្រាយនូវជម្លោះនៅតាមរោងចក្រ សហគ្រាស រួមទាំងថែរក្សាសុខមាលភាពកម្មករអោយបានល្អផងដែរ៕