សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការងឿងឆ្ងល់ចំពោះអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ដែលចេញសារធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន តើសារនេះបានន័យស្អី? សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឲ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុបជាង ២ពាន់នាក់ នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។
ទន្ទឹមនេះ សម្តេចធិបតី បានថ្លែងសារចំអកឲ្យទៅអ្នកនយោបាយចាស់វស្សាម្នាក់ នៅប្រទេសបារាំង ដែលសំដៅទៅទណ្ឌិត សម រង្ស៊ី ថាលែងហ៊ានរិះគន់សម្តេចជាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលទៀតហើយ ព្រោះខ្លាចចប់ ដោយសារតែដៃគូសន្ទនារបស់សម្តេច គឺប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងមានអាយុប្អូនសម្តេចធិបតី ២ខែ។ សម្តេចធិបតីបានចាត់ទុកការចេញសាររបស់អ្នកនយោយចាស់វស្សារូបនេះ ដែលឲ្យប្រធានាធិបតីបារាំង ប្រយ័ត្នចាញ់បោកសម្តេច គឺជានយោបាយបម្រើមហិច្ឆិតារបស់ខ្លួន មិនគិតពីប្រយោជន៍ជាតិនោះឡើយ៕
អត្ថបទ៖ អក្ខរា