សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។

តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១១ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងពីជំនួបរវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចបញ្ជាក់ថា ទោះបីសម្តេចមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយ​ក្តីស្រឡាញ់រាប់អានក្នុងឋានះជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីសុីដា ហ្វីមីអូ បានឆ្លៀតទទួលសម្តេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។

សម្តេចតេជោសូមអរគុណចំពោះឯកឧត្តមគីសុីដា ហ្វីមីអូ ដែលនៅបន្តរាប់អានសម្តេចក្នុងឋានះជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ សម្តេចតេជោនក័សូមអរគុណផងដែរដល់មិត្តភក្រទាំងអស់ដែល​មក​ជួបពិភាក្សាជាមួយសម្តេចពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។

សម្តេចបានបន្តថា៖ “មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថាពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថា សុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់”។

សម្តេចបានបន្ថែមថា៖ “យើងសូមប្រាប់ទៅពួកអ្នកវិញថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើបហ៊ុន សែនលាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។ ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២ មករា២០២៤ ខ្ញុំនឹងមានវត្តមាននៅ កម្ពុជា​វិញសូមពួកជ្រុលនិយមកុំបារម្មពីខ្ញុំធ្វើអី គិតពីខ្លួនឯងទៅល្អជាង”៕

អត្ថបទ៖ អក្ខរា