ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម ជជែករឿងរ៉ាវអ្វីខ្លះ?

នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅវៀតណាម ។

ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះ សម្តេចធិបតី ផ្ទាល់ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។

ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង ។ ជាងនេះទៀត ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រី នោះនាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសនេះ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ ។

សមភាគីទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើការពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេសវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល, អប់រំ, ការតភ្ជាប់, ការពារជាតិ, សន្តិសុខ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ។

ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរអំពីកិច្ចការតំបន់ និងសាកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ, អាស៊ាន និងអនុតំបន់មេគង្គ ជាដើម ៕