«កាលពីអាណត្តិមុន ប្រតិភូគណបក្សនីមួយៗ នៅពេលដែលចុះបេសកកម្មនៅឯមូលដ្ឋាន៖ ១.ត្រូវសុំលិខិតបេសកកម្មពីលេខាធិការដ្ឋាន ២.ត្រូវស្នើសុំថវិកាតាមរយៈលេខាធិការដ្ឋានទៅរាជរដ្ឋាភិបាលក្នុងមួយករណីៗ អញ្ចឹងកាលនោះមាន ១៦គណបក្ស ហើយបទពិសោធន៍ឥលូវនេះ យើងពង្រីកឱ្យលំហឯករាជ្យអធិបតេយ្យភាព ដើម្បីប្រតិភូគណបក្សនីមមួយៗ ព្រោះមានដល់ ២៩គណបក្ស។ អញ្ចឹងយើងមានលទ្ធភាពទូលាយ គឺមិនចាំបាច់ត្រូវការលិខិតសុំបេសកកម្ម ឬសុំលុយសម្រាប់បេសកម្មនីមួយៗទេ គឺរាជរដ្ឋាភិបាលបានផ្តល់ថវិកា ៤លានរៀលក្នុងមួយខែ ដល់ប្រតិភូគណបក្សនីមួយៗ យកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវ»។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។
ឯកឧត្តម ឈឹម ផលវរុណ បានបន្ថែមថា ការយកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវនេះ គឺធ្វើយ៉ាងណាឲ្យបានទៅជាសមិទ្ធផល ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដោយរដ្ឋាភិបាលមិនត្រួតពិនិត្យថា យកថវិកានេះទៅធ្វើអីនោះទេ គឺដឹងតែរង់ចាំសមិទ្ធផលរបស់ប្រតិភូគណបក្សនីមួយៗតែប៉ុណ្ណោះ។
បើតាមប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, ចំពោះសមិទ្ធផលរបស់គណបក្សនីមួយៗត្រូវធ្វើទស្សនទាន ឬក៏មតិយោបល់គោរពជូនសម្តេចនាយករដ្ឋមន្ត្រី តាមរយៈលេខាធិការដ្ឋាននូវសំណូមពរ ឬអ្វីដែលបានឃើញជាក់ស្តែងនៃការងារ ពីព្រោះការងារផ្តល់ទស្សនទានដល់នាយករដ្ឋមន្ត្រី មិនមែនទាល់តែពេលចុះបេសកកម្មនោះទេ គឺត្រូវតែធ្វើការសិក្សា ប្រមូលព័ត៌មានផ្សេងៗ តាមវិធីច្រើន ដូចនេះរាជរដ្ឋាភិបាលមិនចង្អៀតទេ គឺមានការបើកទូលាយ ដោយផ្តល់ឯករាជភាពជូនប្រតិភូគណបក្សនីមួយៗ តាមវិធីនិងអ្វីដែលខ្លួនយល់ឃើញហើយលេខាធិការដ្ឋានរង់ចាំតែសមិទ្ធផលដែលប្រតិភូគណបក្សនីមួយៗធ្វើ ដើម្បីបន្តបញ្ជូនទស្សនទាននេះជូននាយករដ្ឋមន្ត្រី៕
អត្ថបទ៖ អក្ខរា