សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បណ្តាគណបក្សនយោបាយ មកចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចង​សម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយ​គណបក្សប្រជាជនកម្ពុជា។

តាមរយៈសារសំឡេងលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចងសម្ព័ន្ធភាព ដោយលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។

សម្តេចតេជោបានថ្លែងថា៖ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណ​បក្សធំ រីឯគណបក្សដទៃមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែគ្មានកៅ​អីក្នុង​សភា ជាគណបក្សតូចតាច ឬជាគណបក្សដែលមិនស័ក្តិសមធ្វើជាដៃគូនោះទេ។ យើងផ្តល់​ការគោរពចំពោះគណបក្សទាំងអស់ ដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ»។

បើតាមសម្តេចតេជោ ការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាពធានាការអភិវឌ្ឍន៍រក្សាពេលវែង ចូលរួមជាមួយគ្នា ដើម្បីការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នៃកម្ពុជា ការពារនូវរបបរាជានិយម អាស្រ័យធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យ សិរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ជាងនេះទៀត យើងក៏មានកាតព្វកិច្ចក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាទៅដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សានូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍន៍រយៈពេលវែង៕

អត្ថបទ៖ អក្ខរា