ជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៧ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជននៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទតំបន់និងពិភពលោកដែលកំពុងមានការប្រែប្រួល យ៉ាងស្មុគស្មាញ ស្របពេលដែលបក្សទាំងបី និងប្រទេសទាំងបីកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
នៅក្នុងជំនួបនោះ ឯកឧត្តម ង្វៀន ហ៊ូចុង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ថងលុន ស៊ីសុលីត បានលើកឡើងអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ជាពិសេសគឺការកសាងបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្ថានភាពតំបន់និងពិភពលោក ដែលកំពុង កើតមានឡើងនាពេលថ្មីៗនេះ រួមទាំងខ្លឹមសារដែលភាគីទាំងបីយកចិត្តទុកដាក់ និងបានវាយតម្លចំពោះ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំបក្សទាំងបីបានឯកភាពលើការតម្រង់ទិសសំខាន់ៗសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីលើវិស័យផ្សេងៗ ដែលជាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននាពេលអនាគត។
ថ្នាក់ដឹកនាំបក្សទាំងបីបានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងបី សម្រេចបាន និងបានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរចំពោះទំនាក់ទំនងល្អរវាងបក្ស និង ប្រជាជននៃប្រទេសទាំងបី ដែលមានការវិវឌ្ឍជាវិជ្ជមានកាន់តែរីកចម្រើនស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះរួមមាន ទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ និងបច្ចេកទេស។
ថ្នាក់ដឹកនាំបក្សទាំងបីបានសង្កត់ធ្ងន់អំពីប្រពៃណីសាមគ្គីភាពជិតស្និទ្ធជាប្រវត្តិសាស្ត្រ ក្នុងការជួយគ្នាទៅវិញទៅមករវាងបក្ស និងប្រជាជននៃប្រទេសទាំងបី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកត្តាដ៏សំខាន់បំផុត ដែលជាប្រភពកម្លាំងដ៏ខ្លាំងក្លា ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងដណ្តើមឯករាជ្យក្នុងអតីតកាល ក៏ដូចជាក្នុងកិច្ចការការពារ និងកសាងប្រទេសរៀងៗខ្លួនរហូតដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបក្សទាំងបីបានប្ដេជ្ញាចិត្តរួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា-ឡាវ-វៀតណាម នៅពេលបច្ចុប្បន្ន និងនាពេលអនាគត។
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការបក្ស ប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាថា ក្នុងសភាពការណ៍បច្ចុប្បន្ន បក្សនិងប្រជាជននៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ចាត់ទុកទំនាក់ទំនងរវាងបក្ស ទាំងបីជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី ពង្រឹងសសរស្តម្ភ លើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិន ប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។
ភាគីទាំងបីបានឯកភាពបន្តលើកកម្ពស់យន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងស្រាវជ្រាវ បង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មីមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រជាជន នៃប្រទេសទាំងបី សម្រាប់ជាផលប្រយោជន៍របស់ប្រជាជន ការកសាងនិងការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕