លោក យ៉ែម​ បុញ្ញឫទ្ធិ​ ប្រកាសដើរចេញពីគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹក ប៊ុនឆៃ

បន្ទាប់ពីរួបរួមគ្នាចងសម្ព័ន្ធរវាងលោក ញឹក ប៊ុនឆៃ និងលោក យ៉ែម​ បុញ្ញឫទ្ធិ ក្នុងការដឹកនាំគណបក្សខ្មែររួបរួមជាតិ ដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភានីតិកាលទី៧ មិនបានសូម្បីមួយកៅអីនោះ ឥឡូវនេះលោក យ៉ែម​ បុញ្ញឫទ្ធិ បានប្រកាសលាលែងពីតួនាទីទាំងអស់ និងសមាជិកភាពរបស់គណបក្សខ្មែររួបរួមជាតិ។

សារអេឡិកត្រូនិក​ និងលិខិតរបស់លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ ផ្ញេីជូន​លោក​ ញឹក​ ប៊ុនឆៃ​ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃសុក្រ ទី១ ខែកញ្ញានេះ លោក យ៉ែម​ បុញ្ញឫទ្ធិ បាននិយាយថា «ដូចអ្វីដែលខ្ញុំបានសន្យា​ ខ្ញុំសូមគោរពផ្ញេីជូន​​ ឯកឧត្ដមប្រធាន​នូវលិខិតលាលែង​របស់ខ្ញុំ»។

លោក យ៉ែម​ បុញ្ញឫទ្ធិ បានបញ្ជាក់ថា វីរភាពតស៊ូ​ ការលះបង់គ្រប់បែបយ៉ាងរបស់​ លោក ញឹក ប៊ុនឆៃ​ ដេីម្បីផលប្រយោជន៍ប្រទេសជាតិ​ និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងការចងចាំរបស់លោកដោយក្ដីគោរពកោតសរសេីរបំផុត។

សូមជម្រាបជូនថា ក្រោយការបោះឆ្នោតបានប៉ុន្មានថ្ងៃ លោក យ៉ែម​ បុញ្ញឫទ្ធិ បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនថា យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ប្រកាសដោយ​ គជប​ គឺគណបក្សខ្មែររួបរួមជាតិ​ ពុំទាន់ទទួលបានសម្លេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈនៅរដ្ឋសភានៅឡេីយទេ។

លោកបន្តថា គណបក្សខ្មែររួបរួមជាតិ​ នឹងខិតខំព្យាយាម​តស៊ូក្នុងវិស័យនយោបាយបន្តទៀត​ ដេីម្បីបុព្វហេតុកម្ពុជា​ និងប្រជាពលរដ្ឋ​ ជាចម្បងទី១៕