រដ្ឋមន្ត្រីការបរទេសចិនថ្មី លោក Wang Yi នឹងត្រូវបំពេញទស្សនកិច្ចមកកាន់ប្រទេសចំនួន ៣ នៅតំបន់អាស៊ាន នាសប្ដាហ៍នេះ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ នេះបើតាមរដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃទី ០៩ ខែសីហាកន្លងទៅ។
សារព័ត៌មាន CNA បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសជើងចាស់រូបនេះ នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីមុនគេ ពីថ្ងៃទី១០ ដល់ទី១១ ខែសីហា ហើយក្នុងតំណើរទស្សនកិច្ចនោះ លោក Wang ក៏នឹងចូលសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រី Lee Hsien Loong និងឧបនាយករដ្ឋមន្ត្រី Lawrence Wong ។
បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសកូនខ្លាសេដ្ឋកិច្ចអាស៊ីមួយនេះ រដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលជាសម្ព័ន្ធមិត្តដែកថែប រហូតដល់ថ្ងៃអាទិត្យថែមទៀត។
សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជើងចាស់រូបនេះ មកកាន់ប្រទេសនៅតំបន់អាស៊ាន គឺមានបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងចិន និងប្រទេសទាំង ៣ ខាងលើ ក៏ដូចជា ចង់អភិវឌ្ឍន៍បន្ថែមនូវគោលនយោបាយនានា និងជជែកគ្នាពីការវិនិយោគនាថ្ងៃអនាគតផងដែរ៕