ដោយ៖ ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន
កាលពីចន្លោះឆ្នាំ ២០០៥ ដល់ ២០១៥ ពេលដែលខ្ញុំធ្វើការឲ្យវិទ្យុបារាំងអន្តរជាតិ ខ្ញុំធ្លាប់បានធ្វើបទវិភាគសង្គមនិងនយោបាយយ៉ាងច្រើនក្នុងនោះមានបទវិភាគមួយចំនួនពាក់ព័ន្ធនឹងប្រជាធិបតេយ្យនៅកម្ពុជា។ ពេលនេះ ខ្ញុំនៅតែរក្សាជំហរដដែល៖ គេមិនអាចចម្លងគំរូប្រជាធិបតេយ្យលោកខាងលិចទាំងស្រុងមកអនុវត្តនៅកម្ពុជាបានទេ ប៉ុន្តែ គេអាចកែច្នៃប្រជាធិបតេយ្យឲ្យត្រូវនឹងបរិបទសង្គមខ្មែរបានពោលគឺត្រូវយកមួកលោកខាងលិចមកកាត់តម្រូវតាមក្បាលខ្មែរ ដោយមិនចាំបាច់ត្រូវការសេរីភាពបែប«សេះដាច់បង្ហៀរ»ដូចបស្ចឹមប្រទេសឡើយ។
ហេតុអ្វី? ខ្ញុំសូមពន្យល់ដូចតទៅ៖
ទី១៖ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ដែលបានកំណត់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ សេរី ពហុបក្ស គឺជាជម្រើសដ៏ត្រឹមត្រូវនិងសមស្របបំផុតសម្រាប់កម្ពុជាពីព្រោះ រាជានិយមគឺជាឬសគល់និងជាព្រលឹងខ្មែរដែលគេមិនអាចលុបបំបាត់បាន ខណៈដែលប្រជាធិបតេយ្យគឺជារបបនយោបាយដែលមានលក្ខណៈជឿនលឿនជាងគេក្នុងលោក។
ទី២៖ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមុតមាំការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏ហាក់ដូចជាបានគូសវាសផ្លូវប្រជាធិបតេយ្យមួយដើម្បីតម្រូវទៅនឹងបរិបទសង្គមខ្មែររួចជាស្រេច ផ្ទុយពីអ្នកនយោបាយប្រឆាំងដែលចង់ចម្លងគំរូប្រជាធិបតេយ្យទាំងស្រុងពីលោកខាងលិចមកអនុវត្តនៅកម្ពុជា។
ទី៣៖ និយាយពីប្រជាធិបតេយ្យ គេមិនអាចមើលរំលងវប្បធម៌ ប្រពៃណី ទំនាមទម្លាប់របស់ជាតិសាសន៍នីមួយៗបានទេ។ សង្គមអាស៊ី (និយាយជារួម) និងសង្គមខ្មែរ (និយាយដោយឡែក) ផ្តល់តម្លៃដល់វិន័យ សីលធម៌ និងសុជីវធម៌ ពោលគឺក្មេងគោរពចាស់ កូនគោរពឳពុកម្តាយ ហើយមនុស្សគ្រប់គ្នាត្រូវគោរពឋានានុក្រមសង្គម។ «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ» នេះជាសុភាសិតបញ្ជាក់ពីផ្នត់គំនិតអាស៊ីក្នុងនោះក៏មានខ្មែរយើងដែរ។ «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ»នេះក៏ជាក្រឹត្យក្រមដែលខ្មែរទទួលស្គាល់គ្រប់គ្នាពីព្រោះ ច្បាប់និងវិន័យគឺជាខ្សែបន្ទាត់សម្រាប់តម្រង់ទិសមនុស្សឲ្យដើរត្រង់ផ្លូវ។
ទី៤៖ ក្នុងសង្គមលោកខាងលិចវិញ គេក៏ផ្តល់តម្លៃដល់ច្បាប់ដែរ ប៉ុន្តែ សេរីភាពគឺជាអាទិភាពមួយទៀតសម្រាប់គ្រួសារនិងសង្គម។ ក្នុងប្រទេសរបស់គេ កូននិងឳពុកម្តាយអាចនិយាយពាក្យ«អញឯង»ជាមួយគ្នាបាន ហើយក្មេងៗមានសេរីភាពអាចធ្វើអ្វីៗបានតាមចិត្តដោយមិនចាំបាច់ក្រែងរអែងចិត្តអ្នកណា។ ពួកគេអាចប្រឡែងគ្នាស្រែកឡូឡាពេលចាស់ៗកំពុងនិយាយគ្នា…។ អ្នកកាសែតអាចអង្គុយគងអន្ទាក់ខ្លាទល់មុខរដ្ឋន្ត្រីឬប្រធានាធិបតីបាន។ មានរឿងជាច្រើនដែលពលរដ្ឋគេធ្វើបានតែយើងធ្វើមិនបានពីព្រោះតែការផ្តល់តម្លៃសេរីភាពខុសគ្នា។ សង្គមខ្មែរយើងមិនចូលចិត្តសេរីភាព«សេះដាច់បង្ហៀរ»ទេ។
ទី៥៖ ក្រឡេកមើលតំបន់អាស៊ីអាគ្នេយ៍យើងវិញ ដោយមិនបាច់និយាយពីប្រទេសភូមិផងរបងជាមួយ យើងមើលសិង្ហបូរី ដែលជាប្រទេសដែនកោះតូចមួយ។ លោក លី ខ្វាន់យូវ បិតាស្ថាបនិកសិង្ហបូរីបានជ្រើសរើសនយោបាយដឹកនាំប្រទេសដោយផ្អែកលើគុណតម្លៃអាស៊ី ពោលគឺមិនចម្លងគំរូប្រជាធិបតេយ្យពីលោកខាងលិចទេទោះជាប្រទេសនេះមានទំនោរទៅរកលោកខាងលិចក្តី។ សិង្ហបូរីមានច្បាប់និងវិន័យយ៉ាងតឹងរ៉ឹង ប៉ុន្តែ បានក្លាយជាប្រទេសចម្រើនជឿនលឿនយ៉ាងខ្លាំងមួយក្នុងលោក។
ទី៦៖ បរិបទកម្ពុជា សូមអ្នកដែលចង់ចម្លងប្រជាធិបតេយ្យបែបលោកខាងលិច សាកល្បងធ្វើតេស្តខ្លួនឯងជាមុនសិនថា តើមានធាតុប្រជាធិបតេយ្យកម្រិតណានៅក្នុងខ្លួន? កុំថាឡើយដល់ទៅជេរប្រមាថ សូម្បីការរិះគន់បែបបន្តុះបង្អាប់ ឬបែបស្តីបន្ទោស ឬត្រឹមមតិផ្ទុយពីអ្វីដែលខ្លួននិយាយក៏មិនទទួលយកផង។ ជាក់ស្តែង អ្នកណាមានមតិផ្ទុយពី«លោកប្រធាន»ត្រូវគេសង្ស័យឬចោទថា«ជនក្បត់»ឬជា«ជនបង្កប់»។ អ្នកដើរចេញពីគណបក្សប្រឆាំងទៅចូលជាមួយបក្សផ្សេងត្រូវគេចោទថា«លក់ក្បាល»។ បើក្នុងខ្លួនគ្មានធាតុប្រជាធិបតេយ្យផង ហេតុអ្វីក៏ខំប៉ុនប៉ងចម្លងប្រជាធិបតេយ្យបែបលោកខាងលិចមកកម្ពុជាខ្លាំងម៉្លេះ?
ទី៧៖ លើលោកនេះ គ្មានរដ្ឋាភិបាលណាអាចតម្រូវចិត្តពលរដ្ឋគ្រប់គ្នាបានទេ។ សូម្បីនៅមហាប្រទេសក៏នៅតែមានពលរដ្ឋខឹងសម្បារ តវ៉ា ធ្វើបាតុកម្មដែរ។ ទោះជាប្រជាធិបតេយ្យជឿនលឿនប៉ុណ្ណាក៏បាតុកម្មគង់ផ្ទុះហិង្សាចៀសមិនផុត។ ចុះទម្រាំសង្គមខ្មែរយើង? ពួកលោកខាងលិចមិនយល់ពីខ្មែរមិនមែនជារឿងចម្លែកទេ ប៉ុន្តែ អ្វីដែលចម្លែកនិងគ្រោះថ្នាក់បំផុតគឺខ្មែរមួយចំនួនមិនយល់ពីខ្លួនឯង ឬយល់ដែរតែធ្វើពុតជាមិនយល់។ ខ្លួនមានក្បាលតូចមាឌល្អិត តែចង់ពាក់មួកធំជាងក្បាល ពាក់អាវធំជាងមាឌ។
ទី៨៖ ប្រវត្តិសាស្ត្របង្ហាញថា ខ្មែរស្គាល់ភាពរុងរឿងក្នុងសម័យកាលណាដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ។ បច្ចុប្បន្ន កម្ពុជាមានសន្តិភាពនិងមានមេដឹកនាំខ្លាំងពូកែម្នាក់ដែលធ្វើឲ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍន៍លឿនរហ័សមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលធ្វើឲ្យខ្មែរគ្រប់មជ្ឈដ្ឋានមានមោទនភាព គឺជាសញ្ញាយ៉ាងច្បាស់លាស់ដែលបញ្ជាក់ថា កម្ពុជាកំពុងដើរឆ្ពោះទៅរកភាពរុងរឿងថ្មីមួយក្នុងសម័យទំនើប។
ទី៩៖ អ្នកណាក៏មិនអាចរារាំងដំណើរទៅមុខរបស់កម្ពុជាបានដែរនៅពេលដែលខ្មែរដើរផ្លូវត្រូវ៖ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យដែលមានវិន័យ(ស្របតាមគុណតម្លៃអាស៊ីនិងផ្នត់គំនិតខ្មែរ)គឺជាគ្រឹះនៃនយោបាយផ្ទៃក្នុង។ ចំណែកឯនយោបាយការបរទេស«ចម្រុះពណ៌»គឺជាគ្រឹះនៃទំនាក់ទំនងអន្តរជាតិ។ ដូច្នេះ ដើម្បីបន្តដើរលើផ្លូវត្រូវនេះ ខ្មែរត្រូវនាំគ្នាកសាងប្រជាធិបតេយ្យមួយជារបស់ខ្មែរ ស្របនឹងសង្គមខ្មែរ ត្រូវនឹងផ្នត់គំនិតខ្មែរ ពោលគឺ ត្រូវកាត់មួកប្រជាធិបតេយ្យដែលនាំចូលពីលោកខាងលិចដើម្បីតម្រូវតាមក្បាលខ្មែរពីព្រោះគេមិនអាចយកបេតុងមកចាក់លើក្បាលខ្មែរឲ្យធំត្រូវនឹងទំហំប្រជាធិបតេយ្យលោកខាងលិចបានទេ។
ទី១០៖ ខ្មែរមានសេរីភាពគ្រប់គ្រាន់ហើយឲ្យតែចេះគោរពគ្នានិងប្រើវាឲ្យមានប្រយោជន៍។ បច្ចុប្បន្ន សូម្បីពលរដ្ឋសាមញ្ញក៏អាចទាក់ទងនាយករដ្ឋមន្ត្រីបាននិងប្រាប់បញ្ហារបស់ខ្លួនឲ្យប្រមុខដឹកនាំដឹងយ៉ាងងាយស្រួលបំផុត។ តើមានសម័យកាលណាដែលពលរដ្ឋខ្មែរមានឱកាសបែបនេះ? គ្រប់បញ្ហាអាចដោះស្រាយបានឲ្យតែខ្មែរចេះនិយាយគ្នាដោយប្រើភាសាបេះដូងជាខ្មែរ ដោយគ្រាន់តែចៀសវាងពាក្យមុសារ ឬភាសាអារម្មណ៍ដែលនិយាយដើម្បីបញ្ឆេះកំហឹង ឬនិយាយតាមបែបផ្សេងគឺ និយាយឲ្យគេស្តាប់ កុំនិយាយឲ្យគេខឹង។ ដូច្នេះ តើមានការចាំបាច់អ្វីដែលត្រូវទាមទារចង់បានសេរីភាព «សេះដាច់បង្ហៀរ»បែបបស្ចឹមលោក???