នៅក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង។
កត្តា ២ យ៉ាងនោះរួមមាន៖ ទី១. កត្តាថ្នាក់ដឹកនាំសាសនា ដែលប្រកាន់ការដឹកនាំទៅតាមផ្លូវវិជ្ជមាន និងមានការបដិបត្តិតឹងរ៉ឹង ឬធូរស្រាលទៅតាមជំនឿ ហើយមានគោលជំហររួមរស់ជាមួយគ្នា និងមិនរើសអើង និងទី២. កត្តាគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដែលបានផ្តល់ឱកាស និងបង្កលក្ខណៈគ្រប់បែបយ៉ាងក្នុងការអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការជឿ និងគោរព បដិបត្តិសាសនាទៅតាមការពេញចិត្ត ជាពិសេសរាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់គ្រប់សាសនិកទាំងអស់ និងបូកបន្ថែមដោយគោលនយោបាយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ការអនុវត្តវប្បធម៌ចែករំលែក។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់និកាយសាសនា ដើម្បីនាំមកនូវភាពសុខដុមនៅក្នុងប្រទេសជាតិ។ ជាពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងដាច់ខាត ចំពោះការរើសអើងសាសនា និងប្តេជ្ញាទប់ស្កាត់ មិនឲ្យមានជម្លោះសាសនាកើតឡើងនោះឡើយ៕