បន្ទាប់ពីព្រំដែននៅតំបន់ប្រាសាទវិហារត្រូវបានបិទអស់រយៈពេល១៥ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែលកងទ័ពនៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដីថៃមកកាន់ប្រាសាទព្រះវិហារត្រូវបាន បិទទាំងស្រុង។
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ដែលបានលើកឡើងពីបំណងដែលថៃស្នើសុំបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈយល់ឃើញផ្ទាល់របស់ឯកឧត្ដមថា កម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារពីក្នុងទឹកដីថៃនោះឡើយ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ហេតុផល សំខាន់ៗចំនួន៣។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ហេតុផលទីមួយនោះគឺ ករណីប្រាសាទព្រះវិហារ គឺជាការជាន់ដានប្រវត្តិសាស្ត្រដដែលៗ ដែលភាគីថៃតែងតែចិញ្ចឹមចិត្តថា ប្រាសាទព្រះវិហារជារបស់ខ្លួន ដោយកន្លងមក ថៃធ្លាប់បានបង្វែរបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនទៅជាចរន្តជាតិនិយម ដោយយកបញ្ហាប្រាសាទព្រះវិហារជាគោលដៅរួចមកហើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា «ជាក់ស្ដែង ខ្ញុំបានចងចាំព្រឹត្តិការណ៍ឆ្នាំ២០០៨យ៉ាងច្បាស់ ដែលកាលណោះ ខ្ញុំបានឱ្យមន្ត្រីរបស់ខ្ញុំឡើងចងបដា ប៉ុន្តែគ្មាននរណាហ៊ានឡើងចងឡើយ ចុងក្រោយខ្ញុំបានសម្រេចចិត្តឡើងចងបដាដោយខ្លួនឯងផ្ទាល់»។
ចំណែកហេតុផលទីពីរ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ពន្យល់ថា ការធ្វើដូចនេះ(ការបើកច្រកចូលប្រាសាទព្រះវិហារពីខាងថៃ) កម្ពុជានឹងអាចបាត់បង់ភ្ញៀវទេសចរដែលគេត្រូវមកស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា ព្រោះប្រសិនបើកម្ពុជាឯកភាពក្នុងការបើកច្រកនេះ ភ្ញៀវទេសចរនឹងទៅស្នាក់អាស្រ័យនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជាបាត់បង់ចំណូលមួយផ្នែករបស់ខ្លួន ពីភ្ញៀវទេសចរដែលមានបំណងមកទស្សនាប្រាសាទព្រះវិហារ។
រីឯហេតុផលសំខាន់ទីបីនោះគឺ ក្នុងពេលដែលភ្ញៀវទេសចរបរទេសសម្រេចចិត្តទៅស្នាក់នៅក្នុងប្រទេសថៃ ក្នុងគោលដៅធ្វើដំណើរមកទស្សនាប្រាសាទព្រះវិហារ គេនឹងបរិភោគតែផលិតផលផលិតនៅក្នុងស្រុកថៃ។ ត្រង់ចំណុចនេះ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពន្យល់ថា កាលណាភ្ញៀវទេសចរស្នាក់នៅក្នុងប្រទេសថៃ គេបរិភោគតែអាហារនិងផលិតផលរបស់ថៃ នោះកម្ពុជានឹងខាតបង់នូវអត្ថប្រយោជន៍មួយបន្ថែមទៀតគឺ ឱកាសដែលកម្ពុជាអាចបង្ហាញនូវផលិតផលរបស់ខ្លួនដល់ភ្ញៀវទេសចរ។
គួរបញ្ជាក់ផងដែរថា នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ មានច្រកអន្តរជាតិនិងច្រកតំបន់សរុបយ៉ាងហោចណាស់ចំនួន២៤រួចស្រេចទៅហើយ៕
អត្ថបទ៖ រាជបណ្ឌិត្យសភាកម្ពុជា