សន្លឹកបៀរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិតជាលេងបានល្អ ស្របតាមរបត់នយោបាយពិភពលោក ទម្រង់នេះដោយសារកម្ពុជាយើងមើលឃើញយ៉ាងច្បាស់ថា បងធំពិភពលោកគឺគ្មាននរណាក្រៅពីមហាយក្សចិន-សហរដ្ឋអាមេរិក។
ត្បិតកម្ពុជារាប់អានជិតស្និទ្ធជាមួយចិន តែជំហរនយោបាយកម្ពុជាមិនចោលប្រទេសណាមួយឡើយ។ យើងមើលឃើញនយោបាយអន្តរជាតិរបស់កម្ពុជា តែងប្រកាន់ជំហរ គឺមិនរណបប្រទេសណាមួយជាដាច់ខាត។
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជារាប់អានប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ ត្រង់ន័យនេះ ចិន និងអាមេរិក កម្ពុជាចាប់យកទាំងអស់ ដើរស្របប្រវត្តិសាស្រ្ត និងទិសខ្យល់នយោបាយអន្តរជាតិ។
យើងអាចបានសន្និដ្ឋានថា សម្តេចធិបតីពិតជាលេងសន្លឹកបៀរមួយក្តានេះបានល្អណាស់ ដោយប្រកាន់ជំហរបើកចិត្ត ស្វាគមន៍មិត្តគ្រប់ទិសទី ក្នុងន័យគិតប្រយោជន៍ជាតិខ្លួនជាធំក្នុងបរិបទភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មដ៏តាងតឹង។ ដំណើរទស្សនកិច្ចមេដឹកនាំចិនលោក ស៊ី ជីនពីង ថ្មីៗនេះ ជាសេណារីយោពង្រឹងទំនាក់ទំនងចំនួន ៣ប្រទេសឯណោះ វៀតណាម ម៉ាឡេស៉ី និងកម្ពុជា។ ត្រង់ណេះ អាមេរិកប្រាកដណាស់មើលកម្ពុជាក្នុងរូបភាពមិនពេញចិត្តខ្លះដែលមានជំហរទៅចិនច្រើនជាងខ្លួន តែអាមេរិកក៏ដឹងខ្លួនដែលថា កម្ពុជាមិនដែលមានសម្តីធ្ងន់ម្តងណាឡើយចំពោះសហ រដ្ឋអាមេរិក។
អត្ថបទ៖ អាត អ៊ាន់
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥