«ជីវិតដែលមានន័យ គឺត្រូវរស់នៅជាមួយក្ដីស្រឡាញ់ ហើយសម្លឹងមើលផ្លូវដែលនៅចំពោះមុខបែបវិជ្ជមានជានិច្ច» គឺជាពាក្យទូន្មានរបស់ឪពុកម្តាយដែលអ្នកឧកញ៉ា ម៉ៅ ចំណាន ដក់ជាប់ក្នុងចិត្តជានិច្ច ហើយក៏ជាកត្តាជួយឱ្យអ្នកឧកញ៉ាចេះស្វែងយល់ពីពិភពនៅជុំវិញខ្លួន និងបង្កើតជាជម្រើសសម្រាប់ខ្លួនឯងផងដែរ។

នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាឧត្តមភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ថា «តើអ្នកធ្លាប់សង្កេតដែរឬទេថា ជីវិតយើងនឹងកាន់តែធូរស្រាល កាលណាយើងជ្រើសយកការស្រឡាញ់ជំនួសឱ្យការស្អប់ ឬជ្រើសយកភាពវិជ្ជមានជំនួសឱ្យភាពអស់សង្ឃឹម? ក្ដីស្រឡាញ់ជាអំណោយមួយដែលកាលណាយើងកាន់តែឱ្យ វានឹងកាន់តែកើនឡើង ឯភាពវិជ្ជមានគឺជាភាពរឹងមាំដែលយើងជ្រើសរើសដើម្បីបណ្ដុះ ចិត្តគំនិត ទោះបីនៅពេលយើងមានអារម្មណ៍ថាជីវិតដុនដាបយ៉ាងណាក៏ដោយ។ ទាំងពីរនេះ មានឥទ្ធិពលជួយផ្សះផ្សារនូវការខូចចិត្ត ជំរុញឱ្យមានក្ដីសង្ឃឹម និងដាស់តឿនយើងឱ្យមើលឃើញពីភាពស្រស់បំព្រងនៃជីវិត។»
តាមបទពិសោធកន្លងមក អ្នកឧកញ៉ា ម៉ៅ ចំណាន បានចែករំលែកថា ការរស់នៅត្រូវតែមានក្ដីស្រឡាញ់ឱ្យបានច្រើន មានន័យថាប្រកាន់ខ្ជាប់នូវក្ដីមេត្តា ការអត់ឱន និងការយកចិត្តទុកដាក់ ដែលនេះមិនមែនគ្រាន់តែសម្រាប់អ្នកដទៃនោះទេ ពោលគឺចំពោះខ្លួនឯងផងដែរ។ ឯការរស់នៅ ក៏ត្រូវតែគិតបែបវិជ្ជមានជានិច្ច ពោលគឺការមើលឃើញបញ្ហាចំពោះមុខថាជាឱកាសសម្រាប់ភាពរីកចម្រើន។

អ្នកឧកញ៉ា ម៉ៅ ចំណាន បន្តថា ការគិតបែបវិជ្ជមាន មិនមែនព្រងើយកន្តើយនឹងឧបសគ្គក្នុងជីវិតនោះទេ តែជាការស្វែងរកនូវពន្លឺ សូម្បីតែយើងកំពុងស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ វាជាការជឿជាក់ថាថ្ងៃថ្មី អ្វីៗនឹងប្រសើរឡើង មិនថាក្ដីសង្ឃឹមទាំងនោះនៅឆ្ងាយក៏ដោយ។ មួយវិញទៀត ក្ដីស្រលាញ់ ប្រៀបដូចជាជ័រកាវដ៏ស្អិតដែលផ្សារភ្ជាប់យើងជាមួយគ្នា កសាងនូវទំនាក់ទំនងដ៏ជ្រាលជ្រៅ និងស្មារតីប្រកបដោយគោលដៅ។
ការរស់នៅជាមួយក្ដីស្រឡាញ់ និងភាពវិជ្ជមានកាន់តែច្រើន មិនគ្រាន់តែជាជម្រើសផ្ទាល់ខ្លួននោះទេ វាក៏ជាមធ្យោបាយដើម្បីលើកទឹកចិត្តអ្នកដទៃ ហើយបង្ហាញថារាល់អំពើល្អ និងក្ដីសង្ឃឹម គឺអាចផ្លាស់ប្ដូរពិភពលោកបាន។ រាល់សកម្មភាពតូចៗសម្ដែងពីក្ដីស្រឡាញ់ ការមើលឃើញអ្វីៗក្នុងផ្លូវវិជ្ជមាន នឹងធ្វើឱ្យយើងខិតទៅកាន់ជីវិតដ៏មានន័យ និងសប្បាយរីករាយ៕



