«បង្រៀនកូនខ្មែរឱ្យស្គាល់ពីប្រវត្តិសាស្ត្រពិតរបស់ខ្លួន ជាជាងវង្វេងក្នុងការមន្ទិលសង្ស័យ ឬឈានទៅស្អប់គ្នា» ។ នេះគឺទស្សនៈដែល ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរំលេចនៅក្នុងសំណេរ លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ការលើកឡើងនូវទស្សនៈរបស់ឯកឧត្តម គួច វែងស្រ៊ុន បែបនេះ ជាការឆ្លើយទៅនឹងការវែកញែកអំពីសៀវភៅប្រវត្តិវិទ្យា ដែលមានវិមានឈ្នះ-ឈ្នះ លើក្របខាងមុខ ហើយដាក់នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ថ្នាក់បឋមសិក្សា ។
ឯកឧត្តម គួច វែងស្រ៊ុន ស្នើឲ្យកុមារ និងយុវជនខ្មែរ គប្បីបេីកចិត្ត និងត្រូវរៀនពីស្វែងយល់ពីការពិត និងឬសគល់នៃបញ្ហា ជៀសវាងឃេីញតែគម្របសៀវភៅមួយក្បាល រូបភាពមួយសន្លឹក តែភ្លេចអ្វីដែលជាការពិត ពិសេសប្រវត្តិសាស្ត្ររបស់ខ្លួន។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងអប់រំ បានធ្វេីបច្ចុប្បន្នកម្មសិក្សារបស់ខ្លួនដែលបញ្ជាក់ពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ទាំងមេរៀនកំសត់ ជូចត់ សម័យកាល និងភាពជោគជ័យនៃការតស៊ូ ដេីម្បីសន្តិភាពនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅ ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
តេីមានកំហុសអ្វីដែលយេីង គ្រាន់តែរៀនពីអ្វីដែលជារបស់ខ្មែរ? ស្តូបអនុស្សាវរីយវិមានឈ្នះ-ឈ្នះ កូនខ្មែរអ្នកបង្កេីត កសាងដេីម្បីខ្មែរ ស្នាដៃខ្មែរ តែត្រូវបានគេលាភពណ៌ជារបស់ផ្សេង ហេីយរេីសអេីង បញ្ឆះកំហឹងទៅវិញ។ សន្តិភាពនេះ មិនមែនងាយបង្កេីតទេ ហេីយកម្ពុជាយេីងបានបាត់បង់ជាង ៥០០ឆ្នាំហេីយ ក្រោមនយោបាយឈ្នះ-ឈ្នះ ទេីបយេីងមានរាជរដ្ឋាភិបាលតែមួយ ឯកភាពជាតិ ឯកភាពទឹកដី មិនមែនការបែកបាក់។
ឯកឧត្តម បានសង្កត់ធ្ងន់ថា វាជារឿងល្អទៅវិញទេ ដែលយេីងត្រូវបង្រៀនកូនខ្មែរឱ្យស្គាល់ពីប្រវត្តិសាស្ត្រពិតរបស់ខ្លួន ជាជាងវង្វេងក្នុងការមន្ទិលសង្ស័យ ឬឈានទៅស្អប់គ្នា ហេីយប្រេីប្រាស់មនោគមវិជ្ជាជ្រុលនិយមណាមួយ នាំឱ្យខ្មែរបែកបាក់ ព្រោះថាការស្គាល់ខ្លួនឯងច្បាស់ ទេីបមិនងាយខ្មាំងណាមកបំបែកបំបាក់៕
អត្ថបទ៖ ពុទ្ធិកា