លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ឃាតកម្មលើ លិម គិមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» ។
នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ករណីនេះ លោកមើលឃើញថាអាចមានទាក់ទងនឹងក្រុមចំនួន២ ដែលកំពុងប្រើប្រាស់ទឹកដីថៃធ្វើជាជម្រកនយោបាយផងនិងជាជម្រកឧក្រិដ្ឋកម្មភេរវកម្មផង ហើយដែលតែងតែរៀបចំផែនការធ្វើសកម្មភាពបង្ករចលាចលក្នុងប្រទេសកម្ពុជាកន្លងមកនោះគឺ ៖
ទី១ ៖ ក្រុមរបស់ សម សេរី ដែលពួកនេះតាំងដើមមកប្រមូលចងក្រងយកតែ ពលករញៀនថ្នាំ រស់នៅក្នុងប្រទេសថៃ ឲ្យចូលជាសមាជិកនិងបង្ហាត់បណ្តុះបណ្តាលតែមនោគមវិជ្ជាហឹង្សា សង្គ្រាមនិយម តាមរយៈបង្កើតកងទ័ពប្រដាប់អាវុធខុសច្បាប់និងកម្លាំងបំផ្ទុះគ្រប់រំសេវជាដើម ។
ទី២ ៖ ក្រុម សម រង្ស៊ី ដែលជាពួកអតីតៈទាហានសាធារណៈរដ្ឋ ក៏ជាអ្នកសង្គ្រាមនិយមដែរ ដែលបានចូលនិវត្តន៍ពីការងារឬស៊ីលុយរដ្ឋ មកពី បារាំងអាមេរិកនិងកាណាដា ហើយរាល់ថ្ងៃមកសំងំរស់នៅចាយលុយចូលនិវត្តន៍ក្នុងប្រទេសថៃ ដើរទាក់ទងអតីតៈទាហានថៃ អតីតៈទាហានលាវ ឬមីយ៉ាម៉ា ដើម្បីជួយខ្លួនរកឱកាសបង្ករការអុកឡុកប្រទេសខ្មែរឲ្យច្របូកច្របល់វឹកវរនយោបាយក្នុងប្រទេសខ្មែរនិងស្វែងរកឱកាសធ្វើអ្វីមួយដើម្បីបានជាលេសទម្លាក់កំហុសមកលើ គណបក្សប្រជាជនកម្ពុជា។ លោកក៏បង្ហើបរឿងមួយកាលពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ ពួកគេធ្លាប់បានទាក់ទងលួងលោមរូបលោកឲ្យចូលរួមក្នុងផែនការសម្លាប់ កឹម សុខា ដើម្បីយកលេសទម្លាក់កំហុសលើ គណបក្សប្រជាជនកម្ពុជា រួចឲ្យក្រុម សម រង្ស៊ី យកសព កឹម សុខា ធ្វើអាជីវកម្ម។
លោក សួន សេរីរដ្ឋា លើកឡើងបន្តថា ក្រុមទាំង២ នេះថ្វីត្បិតតែចូលគ្នា តែមានទាក់ទងជួយលុយ ជួយចិញ្ចឹមគ្នាក្នុងប្រទេសថៃយូរហើយ គ្រាន់តែមិនចូលគ្នាទេ ដោយសារបែងចែករវាង ជំនាន់ចាស់ (សាធារណៈរដ្ឋ) និងក្មេង ។តែពួកគេមានទិសដៅបង្ករការអុកឡុកនិងបង្កើតឧក្រិដ្ឋកម្ម ហឹង្សានិយមនិង ភេរវកម្មដូចគ្នា ។
លិម គិមយ៉ា មុនចេញពីបារាំងមកប្រទេសថៃ ធ្លាប់មានទំនាស់ទស្សនៈជាមួយ សម រង្ស៊ី រឿងបង្កើតចលនាតស៊ូរំដោះជាតិ ដោយសារ លិម គិមយ៉ា យល់និងចាត់ទុកថា ចលនានេះគឺជាខុសច្បាប់ អាចក្លាយជាក្រុមភេរវកម្ម ប្រឆាំងរដ្ឋជាសមាជិក UN ។ ដូចនេះហើយទើប លិម គិមយ៉ា សម្រេចចិត្តមកប្រទេសថៃ ដើម្បីស្វែងរកការចូលរួមនយោបាយជាមួយ គណបក្ស ដែលបង្កើតឡើងដោយក្រុមអតីតៈសង្គ្រោះជាតិ ។ តាមអ្នកឲ្យពត៌មានច្បាស់ការបានឲ្យដឹងថា លិម គិមយ៉ា នឹងជួបជាមួយ ញ៉ែម ប៉ុញ្ញឬទ្ធិ ដើម្បីចូលរួមធ្វើនយោបាយក្នុង គណបក្សនេះ ។
ជាមួយគ្នានោះ លោក សួន សេរីរដ្ឋា បានសន្និដ្ឋានថា ករណីនេះ ឃាតកម្មលើ លិម គិមយ៉ា គឺមានជាប់ទាក់ទងនឹងពួក ២ ក្រុមខាងលើជាអ្នកធ្វើ ដើម្បីទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា ពោលគឺ «ស្វាស៊ីបាយ លាបមាត់ពពែ» ៕
