ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាពស្វាហាប់ និងចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលោកបណ្ឌិត នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹងនយោបាយការបរទេសរបស់ខ្លួនបានល្អ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងអស់ ដែលកំពុងតែប្រឈមគ្នា ពោលគឺទាំងសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ី ដែលជាមហាអំណាចឈានមុខនៅលើពិភពលោក និងដែលកំពុងប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងគ្នានឹងគ្នា។ កម្ពុជាបានប្រកាន់យកជំហរឯករាជ្យ និងអព្យាក្រឹត្យនៅចំពោះមុខការប្រកួតប្រជែងនេះ ដោយបន្តមានទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាម៉េរិក សហព័ន្ធរុស្ស៊ី និងទាំងសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បានជួយឱ្យកម្ពុជារក្សាបាននូវលំនឹងនៃទំនាក់ទំនងជាលក្ខណៈពហុភាគីជាមួយនឹងមហាអំណាច ដោយរក្សាបាននូវអធិបតេយ្យភាព អព្យាក្រឹត្យភាព និងជំហរមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដែលធ្លាប់តែប្រកាន់ខ្ជាប់ជារៀងដរាបមកនៅក្នុងសម័យព្រះរាជាណាចក្រទីពីរ។ លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មិនត្រឹមតែរក្សាបាននូវលំនឹងនយោបាយការបរទេសជាមួយមហាអំណាចទាំងបីប៉ុណ្ណោះទេ តែកម្ពុជាថែមទាំងបានរក្សានូវទំនាក់ទំនងល្អជាមួយនឹងមហាអំណាចតំបន់ និងពិភពលោក ក៏ដូចជាបណ្ដាប្រទេសជាដៃគូដទៃទៀតផងដែរ។ ការណ៍នេះស្ដែងឱ្យឃើញតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា និងការអញ្ជើញមកបំពេញទស្សនកិច្ចពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនៃបណ្ដាប្រទេសមហាអំណាច ក៏ដូចជាការចូលចតនៃនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក នៅកំពង់ផែព្រះសីហនុនាពេលថ្មីៗកន្លងទៅនេះផងដែរ ដែលសុទ្ធសឹងជាសញ្ញាណល្អនៅក្នុងដំណើរឆ្ពោះទៅមុខនៃនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
ទោះជាយ៉ាងណា សម្រាប់លោកបណ្ឌិត យង់ ពៅ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តការរក្សានូវនយោបាយការបរទេសផ្កាចម្រុះពណ៌ ដូចដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៤កន្លងទៅ ហើយត្រូវពង្រឹងនិងពង្រីកបន្ថែមនូវទំនាក់ទំនងជាមួយមហាអំណាច ក៏ដូចជាប្រទេសជាដៃគូនានាលើពិភពលោក សម្ដៅឆ្ពោះទៅកាន់ការបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា ដែលរួមមានទាំងកសិផល ទំនិញជាកសិឧស្សាហកម្ម និងវាយនភណ្ឌជាដើមបន្ថែមទៀត ក្នុងគោលបំណងបង្កើនភាពស្វាហាប់នៃចរន្តនៃការនាំចេញនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ត្រូវបន្តជំរុញផងដែរនូវគោលការណ៍ «ពង្រឹងមិត្តភាពចាស់ បង្កើនមិត្តភាពថ្មី» នៅក្នុងនយោបាយការបរទេសរបស់ខ្លួន។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏គួរតែជំរុញសកម្មភាពការទូតវប្បធម៌របស់ខ្លួនផងដែរ ដោយច្បាមឱកាសពង្រីកវិសាលភាពការទូតវប្បធម៌កម្ពុជា ទៅតាមបណ្ដាប្រទេសដែលខ្លួនបានដាក់ស្ថានទូត ដើម្បីជំរុញទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត។ លើសពីនេះ កម្ពុជាក៏គួរតែជំរុញការទូតសិល្បៈទំនើបបែបសហសម័យដូចជា ការលើកទឹកចិត្តឱ្យអ្នកសិល្បៈរ៉េបសហសម័យរបស់កម្ពុជា ដែលវិស័យនេះ ហាក់មានការរីកចម្រើនជឿនលឿនគួរឱ្យកត់សម្គាល់ ដើម្បីបង្ហាញនូវអ្វីដែលជារបស់ខ្មែរ និងធ្វើឱ្យគេស្គាល់កម្ពុជានៅក្នុងទិដ្ឋភាពផ្សេងៗ តាមរយៈការថែរក្សាឱ្យបាននូវអ្វីដែលមានលក្ខណៈជាខ្មែរ ព្រមទាំងជំរុញនិងពង្រីកបន្ថែមនូវរូបភាពជាវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលបណ្ដាប្រទេសមួយចំនួនបានកន្លងទៅដូចគ្នានេះដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត យង់ ពៅ៕
