ឯកឧត្តម គួច វែងស្រ៊ុន ចាត់ទុកជាសោកនាដកម្មបំផុត ពេល​ដែលមនោគមវិជ្ជាក្រុមប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន​ភ្លេចអ​ស់សីលធម៌​ដ៏ល្អរបស់​ខ្មែរ

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សោកនាដកម្មបំផុត ដែលមនោគមវិជ្ជាប្រឆាំង បណ្តុះសារជាតិតិរិច្ឆាន ភ្លេចអស់សីលធម៌ដ៏ល្អរបស់ខ្មែរ គ្មានចាស់ គ្មានទុំ គ្មានដឹងខ្ពស់គ្មានដឹងទាប។ ពាក្យខ្មែរ បង្កើតមកច្បាស់ណាស់ គ្រាន់តែអត្ថន័យនៃពាក្យ “ញ៉ាំ” គឺបានបញ្ជាក់ច្បាស់ទៅហើយ ថាការគោរពគ្នា គឺខ្មែរបានប្រកាន់ខ្ជាប់ណាស់។

ការលើកឡើងរបស់ឯកឧត្តមបែបនេះ ក្រោយពីបុគ្គលមួយរូប ដែលរហ័សនាមខ្លួនឯងថា «Beysach Prosecutor» និង​ជា​​​ស​មាជិក​ក្រុមប្រឆាំងម្នាក់ បានទូរស័ព្ទមករំខានសម្តេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះសម្តេចតេជោ ។

ឯកឧត្តម គួច វែងស្រ៊ុន បានលើកឡើងបន្តថា ពាក្យសោយ ឆាន់ បរិភោគ ពិសារ ញ៉ាំ ស៊ី ច្រាសច្រំ សុទ្ធតែត្រូវបានយកមកប្រើប្រាស់យ៉ាងត្រឹមត្រូវបំផុត។ គោរពចាស់ទុំ គឺជាសីលធម៌ដ៏ប្រពៃដែលខ្មែរពីបុរាណកាលបានអនុវត្ត និងបង្រៀនគ្នា ពិសេសបានរក្សាទម្លាប់នេះយ៉ាងល្អតពីដូនតា មកដល់បច្ចុប្បន្ន។ តែអ្វីដែលខ្ញុំកត់សម្គាល់ ពីការប្រែប្រួល គឺចាប់ពីចន្លោះសម័យដ៏ខ្មៅងងឹត សម្លាប់គ្នា ៣ឆ្នាំ៨ខែ២០ថ្ងៃ ដោយសារមនោគមវិជ្ជា រើសអើងវណ្ណ: បញ្ឆេះកំហឹងខ្មែរ លែងឱ្យខ្មែរស្គាល់អ្វីខុស អ្វីត្រូវ និងភ្លេចអស់សីលធម៌ និងសាសនា ។ ក្មេងលែងស្គាល់ម៉ែឪ កាប់សម្លាប់ឪពុកម្តាយ ឬខ្មែរយ៉ាងសាហាវដោយសារពាក្យខ្លីមួយមាត់ ដើម្បីអង្គការ។

ថ្ងៃនេះសារជាតិដ៏ខ្មៅកខ្វក់លើសលប់ របស់មនុស្សអាយុជាង៥០ឆ្នាំម្នាក់ រត់ចោលស្រុក ឬសង្ងំខ្លួននៅក្រៅប្រទេស ចេញមកជេរប្រមាថ និងគ្មានសុជីវធម៌ បានហៅមនុស្សអាយុចាស់ជាងខ្លួន ឬសមល្មមអាយុជាឪពុកខ្លួន ដោយសម្តីពាលបំផុត។

ជាមួយគ្នានេះ ឯកឧត្តម គួច វែងស្រ៊ុន គូសរំលេចថា សម្តេចតេជោ មិនត្រឹមតែមានអាយុច្រើនជាងប៉ុណ្ណោះ ទេ តែជាមនុស្សម្នាក់ក្នុងចំណោមចាស់ទុំជាច្រើនបានតស៊ូរំដោះប្រទេស និងជួយឱ្យកម្ពុជា រស់ សង្គ្រោះជីវិតខ្មែរជាច្រើន ហើយក៏សូម្បីជីវិតម៉ែឪ ឬសាច់ញាតិរបស់ក្រុមប្រឆាំងផងដែរ ក៏ត្រូវបានសង្គ្រោះទាំងសម័យសង្គ្រាម និងក្នុងពេលជម្ងឺរាតត្បាតសាកលផងដែរ។

ឯកឧត្តម ក៏សូមកូនខ្មែរ មានមនសិកាស្នេហាជាតិ ឈរលើការពិត ក្រមសីលធម៌ និងច្បាស់លាស់អំពីអ្វីដែលជាអត្តសញ្ញាណខ្មែរ ពិសេសច្បាស់ថា ជាតិខ្មែររុងរឿង មិនមែនខ្លាំងដោយការជេរប្រមាថ ឬអសីលធម៌បែបនេះឡើយ តែអាចខ្លាំងបានដោយចំណេះ និងសាមគ្គីគ្នា ហើយមានមេដឹកនាំដ៏ល្អ និងតស៊ូដោយឥតលក្ខខណ្ឌដូចសម្តេចតេជោ និងរាជរដ្ឋាភិបាលបច្ចុប្បន្ន ទើបយើងអាចបន្តទៅមុខបានដោយល្អ។

អត្ថបទ​៖ ពុទ្ធិកា