“សម្តេចធិបតី ជាមេដឹកនាំរបស់ប្រជាជន ជ្រើសរើសដោយប្រជាជន និងដើម្បីប្រជាជន។ ភាពសាមញ្ញរបស់សម្តេចធិបតី ជាគំរូដ៏ត្រចះត្រចង់សម្រាប់នាម៉ឺនសព្វមុខមន្ត្រីឯទៀត ដែលមានឥរិយាបថបែបអភិជននិយមដែលនៅដាច់សែនឆ្ងាយពីប្រជាជន សូមផ្លាស់ប្តូរឥរិយាបថទៅជាមនុស្សរបស់ប្រជាជន និងដើម្បីប្រជាជន”។ នេះបើតាមការលើកឡើងរបស់លោ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ជាថ្មីម្តងទៀត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញភាពសាមញ្ញា និងស្និទ្ធស្នាលជាមួយបងប្អូនអាជីវករ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ព្រមទាំងថ្វាយបង្គំព្រះ នៅវត្តឥន្ទបត្តបុរីខាងជើង និងខាងត្បូងអង្គរវត្តនាថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៤។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ដែលសម្តេចធិបតីបានកាន់ដំណែងជានាយករដ្ឋមន្រ្តី សម្តេចបានធ្វើសកម្មភាពជាច្រើន ហើយសកម្មភាពសំខាន់ៗនោះ គឺការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ ដែលគិតត្រឹមក្នុងរយៈពេល១ឆ្នាំមកនេះ មានចំនួន១៥២លើក ដែលស្ទើរតែស្មើនឹង៥០% នៃសកម្មភាពពេញមួយឆ្នាំនេះ។ ក្រៅពីនេះ ម្តេចធិបតីបានជួយជាមួយភ្ញៀវបរទេស១២៩លើក ប្រជុំគណៈរដ្ឋមន្រ្តី៩លើក និងសកម្មភាពការងារជាច្រើនទៀត ដែលសម្តេចធិបតីបានដោះស្រាយ។
តាមរយៈទិន្នន័យនេះអាចសន្និដ្ឋានច្បាស់ណាស់ថា នាយករដ្ឋមន្រ្តីកម្ពុជា ជាមេដឹកនាំដែលចុះផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ហើយកម្រមានណាស់ដែលមេដឹកនាំណាមួយនៅលើពិភពលោកធ្វើបែបហ្នឹង។ ការចុះផ្ទាល់ជួបប្រជាពលរដ្ឋសួរសុខទុក្ខ ដោះស្រាយបញ្ហាផ្ទាល់ៗជាមួយប្រជាពលរដ្ឋនេះ គឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ អក្ខរា