ទោះបីជាក្រុមអ្នកបច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថាជាផែនទីរបស់ក្រុមហ៊ុនឯកជនដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋនិងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយដដែលដោយមិនចេះអៀនខ្មាសទាល់តែសោះ។ នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយមបានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។
យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជនហើយមានគោលដៅពាណិជ្ជកម្មគឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។
នៅលើពិភពលោកនេះ ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលប្រទេសជិតខាងពាក់ព័ន្ធព្រមព្រៀងទទួលយកទាំងអស់គ្នា។ បើគ្រាន់តែរឿងប៉ុណ្ណឹងមិនអាចយល់បានផង តើខំធ្វើនយោបាយដើម្បីអ្វី? ឬចង់បានត្រឹមកុំឱ្យគេភ្លេចឈ្មោះទោះជាត្រូវគេសើចចំអកយ៉ាងណាក៏មិនខ្ចីឈឺ?
នេះជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ពីកម្ពុជា៕
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
ដោយ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល