សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ បានចុះទៅកាន់សាលាបឋមសិក្សាត្រពាំងក្អែក ក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ការអញ្ជើញចុះផ្ទាល់ មិនបានប្រាប់ឲ្យដឹងជាមុននេះ ជាសកម្មភាពបេសកកម្មក្រៅផ្លូវការរបស់សម្តេច ដើម្បីស្វែងយល់ជាក់ស្តែង ពីវឌ្ឍនភាពនៃការជំរុញអនុវត្តវិធានការគន្លឹះវិស័យអប់រំ។
រយៈពេល១ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ គ្រប់ទិសទីចំនួន១៥២លើក ដែលស្ទើរតែស្មើនឹង៥០% នៃសកម្មភាពពេញមួយឆ្នាំ។
ក្នុងបរិវេនសាលាបឋមសិក្សាត្រពាំងក្អែក សម្តេចធិបីត ហ៊ុន ម៉ាណែត បានជួបសន្ទនា ជាមួយលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្ស ប្រកបដោយភាពស្និទ្ធស្នាលបំផុត។ អ្វីដែលធ្វើឲ្យគេកត់សម្គាល់ខ្លាំងបំផុតនោះ គឺទោះឋិតនៅក្រោមកំដៅថ្ងៃក្តៅយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសម្តេចនៅតែមានស្នាមញញឹម ក្នុងការសន្ទនា ដើម្បីក្តាប់នូវយោបល់ពិតជាក់ស្តែងនៅមូលដ្ឋាន ពីលោកគ្រូអ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល របស់សិស្ស។
កាយវិការប្រកបដោយឆន្ទៈមុះមុត ចង់ស្តាប់ចង់ដឹងពីសុខទុក្ខជាក់ស្តែងរបស់ប្រជាពលរដ្ឋ មិនរុញរាជាមួយនឹងកំដៅថ្ងៃបែបនេះ បានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីរបស់ប្រជាពលរដ្ឋខ្មែរពិតៗ និងជាមេដឹកនាំដែលនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ហើយសកម្មភាពនេះក៏ជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលនៅជាប់ជាមួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខ និងដោះស្រាយបញ្ហាផ្ទាល់ៗជាមួយប្រជាពលរដ្ឋផងដែរ។
សរុបមកវិញ កំដៅថ្ងៃមិនមែនជាឧបសគ្គរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះក្តាប់ផ្ទាល់ពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាននោះទេ។ សម្តេចធិបតី ជាមេដឹកនាំបន្តវេនរបស់កម្ពុជា ដែលមានសមត្ថភាពពិតៗ និងកំពុងឆក់យកបេះដូងប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន តាមរយៈការផ្សារភ្ជាប់សុខទុក្ខជាមួយ ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ៕
អត្ថបទ៖ ពុទ្ធិកា